ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បានផ្តាំទៅអ្នកវិភាគ ! ចេះគ្រប់គ្រង គ្រួសារខ្លួនឯងសិនទៅចាំវិភាគរឿងគ្រួសារ សម្តេច

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា  បានផ្ដាំទៅអ្នកវិភាគម្នាក់ដែលរត់ទៅនៅក្រៅប្រទេសជាមួយកូនឱ្យចេះគ្រប់គ្រងគ្រួសារខ្លួនឯងសិនទៅ បើគ្រាន់តែប្រពន្ធម្នាក់មិនអាចរស់នៅចុះសម្រុងបានផងនោះ មិនគួរចេញមកវិភាគរឿងរ៉ាវគ្រួសាររបស់សម្ដេចនោះទេ។

សូមបញ្ជាក់ថា, ការឆ្លើយតបរបស់សម្ដេចនេះគឺតបទៅលើការវិភាគរបស់អ្នកវិភាគម្នាក់ដែលទំនងជាលោក គឹម សុខ ដែលបានវិភាគជាមួយសារព័ត៌មានបរទេសផ្សាយជាខេមរភាសារថា កូនរបស់សម្ដេច ២នាក់គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ប្រជែងគ្នាសម្រាប់ដំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត។

សម្ដេចថ្លែងបែបនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីចំនួន២ នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។ 

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន៣បន្ថែមទៀត នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នកវិភាគរត់ចោលស្រុកនេះ យ៉ាងដូច្នេះថា៖ «ខ្ញុំសូមផ្តាំទៅវិញ បើគ្រួសាររបស់លោកអញ្ចឹង លោកកុំគិតថាគ្រួសាររបស់ខ្ញុំ ដូចគ្រួសាររបស់លោក ព្រោះគ្រាន់តែប្រពន្ធក៏លោកបានលែងលះគ្នាដែរ សូម្បីតែប្រពន្ធរបស់លោកមិនត្រូវផង តើលោកមានរឿងអីត្រូវជាមួយខ្ញុំ បើគ្រួសាររបស់លោកស្មោគគ្រោក ចេះច្រណែនគ្នារវាងបងប្អូន ប្រពន្ធ ប្តី អាហ្នឹងរឿងគ្រឿងគ្រួសារលោក តែគ្រួសារខ្ញុំខុសផ្សេង កូនរបស់ខ្ញុំ ចៅរបស់ខ្ញុំ ខ្ញុំកម្រិតត្រឹមតែចៅរបស់ខ្ញុំទៅចុះ បងប្អូនគេ មានឋានានុក្រមរបស់គេ ស្តាប់បងរបស់គេណាស់ គេគ្មានមហិច្ឆតាដើម្បីធ្វើនាយករដ្ឋមន្ត្រីជំនួសបងរបស់គេ…!»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការហួសចិត្តយ៉ាងខ្លាំងចំពោះអ្នកវិភាគរត់ចោលស្រុកនេះថា មិននឹកស្មានថាបុគ្គលនេះអាចវិភាគរឿងគ្រួសាររបស់សម្តេចចេញទៅកើត ខណៈពីមុនបុគ្គលនេះវិភាគតែបញ្ហាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា  ផ្តាំទៅអ្នកវិភាគរត់ចោលស្រុកថា លោក ហ៊ុន ម៉ានី គ្មានមហិច្ឆតាដណ្តើមតំណែងនាយករដ្ឋមន្ត្រី ពីលោក ហ៊ុន ម៉ាណែត នោះឡើយ ៕

ដោយ : សិលា


ចែករំលែក៖