ខេត្តកែប៖ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គណៈប្រតិភូនៃគណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយលោក ឡូយ សុផាត ប្រធានគណៈកម្មការ និងសមាជិក ដោយមានការអមដំណើរពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងអភិបាលខេត្តកែប កាលពីថ្ងៃទី១ ខែកញ្ញាម្សិលមិញនេះ បានអញ្ជើញចុះទស្សនកិច្ចនៅទីតាំងមួយចំនួនដែលទទួលពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
ជាក់ស្ដែងទីតាំងមួយចំនួនដែលទទួលផលប៉ះពាល់ក្នុងនោះរួមមាន៖
ទី១-វាលស្រែពលរដ្ឋនៅសង្កាត់អង្កោល ស្រុកដំណាក់ចង្អើដែលត្រូវបានទឹកប្រៃហូរជ្រាបចូលដីស្រែ និងរងគ្រោះដោយខ្យល់កន្ទ្រាក់។
ទី២-កន្លែងវារីវប្បកម្មចិញ្ចឹមបង្គា ត្រីនិងក្តាមរបស់ពលរដ្ឋនៅដំណាក់ចង្អើ។
ទី៣-ទស្សនកិច្ចនៅតំបន់ទំនប់ទឹកប៉ោហេង និងឧទ្យានជាតិកែបដើម្បីស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា នៅរសៀលថ្ងៃដដែលនោះ គណៈប្រតិភូគណៈកម្មការទី៣ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបពិនិត្យលើសមិទ្ធផលការងារនានាពាក់ព័ន្ធនឹងតួនាទីគណៈកម្មការទី៣។ ជារួមគណៈកម្មការទី៣ បានវាយតម្លៃខ្ពស់ចំពោះក្រសួងបរិស្ថាន រដ្ឋបាលខេត្តដែលបានសហការគ្នាលើវិស័យបរិស្ថានដើម្បីធ្វើឱ្យខេត្តកែបក្លាយជាប៉ូលទេសចរណ៍ល្អប្រណីតកម្រិតខ្ពស់ និងមានសោភ័ណភាពនិងអនាម័យបរិស្ថានល្អ។
គណប្រតិភូនៃគណៈកម្មការទី៣ បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃរបស់ខ្លួននៅខេត្តកោះកុង និងខេត្តកែបប្រកបដោយភាពជោគជ័យ៕
ដោយ៖សហការី