ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកមន្ត្រីអគ្គិសនីម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្រុងស្វាយរៀង

ចែករំលែក៖

    ខេត្តស្វាយរៀង៖ មន្ត្រីអគ្គិសនីម្នាក់បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូដែលបុកគ្នាពេលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៨និង១១៩ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុង ស្វាយរៀង ។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា  អ្នកស្លាប់មានឈ្មោះ ខៅ សុខកូលាប អាយុ៤០ឆ្នាំ មុខរបរមន្ត្រីអគ្គិសនី​ រស់នៅភូមិព្រៃញ៉យ ឃុំ ក្រោលគោ​ ស្រុក ស្វាយជ្រំ​ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ​១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង​ ១C-៣៨០៦ រងការខូចខាតទាំងស្រុង។

    ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនបន្សល់តែរថយន្ត​ម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ២BI-០៤៥៥នៅនឹងកន្លែង។

    តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ​១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង​ ១C-៣៨០៦លើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិចខណ:នោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ២BI-០៤៥៥ធ្វើដំណើរបញ្ច្រាសគ្នាពីលិចមកកើតបុកពេញទំហឹងបង្ក​ការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

    ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។

     ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះមូលហេតុ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតរកភាគីខាងណាជាអ្នកខុសបន្តទៀត៕

ដោយ៖ សុថាន


ចែករំលែក៖