ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់កើនឡើងដល់១៤នាក់ក្នុងគ្រោះអគ្គិភ័យឆេះហាងខារ៉ាអូខេ នៅវៀតណាម

ចែករំលែក៖

នៅល្ងាចថ្ងៃទី៧ ខែកក្កដានេះ គណៈកម្មាធិការខេត្តប៊ិញយឿង បានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពម្នាក់ទៀតនៅក្នុងហាងខារ៉ាអូខេស្ថិតនៅក្នុងខេត្តនេះ និងម្នាក់ទៀតស្លាប់នៅក្នុងមន្ទីរពេទ្យ សរុបអ្នកស្លាប់កើនឡើងដល់១៤នាក់ហើយ។
សារព័ត៌មាន AFP នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា មន្រ្តីក្នុងតំបន់បានឱ្យដឹងនៅថ្ងៃពុធនេះថា អគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង នៅភាគខាងត្បូងប្រទេសវៀតណាម សម្លាប់មនុស្សចំនួន១២នាក់ និងបង្កឱ្យរបួសចំនួន១១នាក់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះជាន់ទី២ និងទី៣នៃអគារខារ៉ាអូខេខាងលើនេះ ហើយអតិថិជននិងបុគ្គលិកបានជាប់គាំងនៅទីនោះ។ លោក ង្វៀន ថាញ់តាំ (Nguyen Thanh Tam) មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនីស្តវៀតណាមប្រចាំទីក្រុង ថាន់អាន (Thuan An) បានប្រាប់ AFP ឱ្យដឹងថា រហូតមកដល់ពេលនេះក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះនៅកន្លែងកើតហេតុនៅឡើយ។
ករណីខាងលើគឺជាករណីគ្រោះអគ្គិភ័យដែលមានអ្នកស្លាប់ច្រើនបំផុតនៅវៀតណាម គិតចាប់តាំងពីឆ្នាំ២០១៨មក នៅពេលដែលមនុស្ស១៣នាក់បានស្លាប់ ដោយសារភ្លើងឆាបឆេះអគារអា
ផាតមិនមួយកន្លែងនៅទីក្រុងហូជីមិញ។ រីឯនៅឆ្នាំ២០១៦ ក៏មានករណីគ្រោះអគ្គិភ័យនៅហាងខារ៉ាអូខេក្នុងទីក្រុងហាណូយបានបណ្តាលឱ្យមនុស្ស១៣នាក់ស្លាប់ផងដែរ ដែលជំរុញឱ្យមានការវាយតម្លៃឡើងវិញទូទាំងប្រទេស អំពីវិធានការបង្ការអគ្គិភ័យនៅតាមបារ និងក្លិបកម្សាន្ត។

ចំណែក កាលពីខែសីហាកន្លងទៅនេះ អ្នកពន្លត់អគ្គិភ័យ៣នាក់បានស្លាប់បន្ទាប់ពីព្យាយាមពន្លត់ភ្លើងឆេះនៅហាងខារ៉ាអូខេមួយទៀតក្នុងរដ្ឋធានីហាណូយ៕ ដោយ៖ ធីរីណា

ប្រភពរូបភាព៖ zing news 


ចែករំលែក៖