ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ សរុបចំនួន២១នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០៤គ្រឿង ដឹកនាំដោយលោក ចែម ភក្តី អភិបាលរងស្រុក កាលពីថ្ងៃទី១២ ខែកញ្ញាម្សិលមិញនេះ បានចុះបង្រ្កាបបទល្មើសនេសាទតាមដងទន្លេ នៅចំណុចអន្លង់អណ្ដើក ភូមិកំពង់រាំង និងចំណុចភ្នំក្របី ភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការខាងលេីនេះ ជាលទ្ធផលកម្លាំងជំនាញបានដកហូតវត្ថុតាងជាក់ស្ដែង រួមមាន ៖
– រុះរើ របាំងសាច់អួនចំនួន២២កន្លែង ប្រវែង១១០០ ម៉ែត្រ
– លបលូចំនួន១៧លប
– បង្គោលចំនួន២១០ដើម
– លែងត្រីចំរុះចំនួន ៧០គីឡូក្រាមចូលក្នុងបឹងវិញ សម្ភារៈ និងវត្ថុតាង បានកាប់បំផ្លាញចោលនៅនឹងកន្លែង។
សូមជម្រាបដែរថា កាលពីថ្ងៃទី១០ ខែកញ្ញាថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ទោ យ៉ន រិទ្ធី នាយរងការិយាល័យសេដ្ឋកិច្ច សហការជាមួយលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការស្រុកសង្កែ បានធ្វើការដឹកកម្លាំងក្នុងអង្គភាព ធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ០១លើក ត្រង់ចំណុភូមិសាស្ត្រ ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់មធ្យោបាយជាកាណូត ចំនួន០៣គ្រឿង ។ ជាលទ្ធផលបង្ក្រាបបាន ៖ -សាច់មងសរុប ១,៥៨០ម៉ែត្រ -បង្គោល ៣៧០ដើម -ឡុក ១១ -លែងកូនត្រីចំនួន ១០០គីឡូក្រាម ។
ចំពោះករណីនេះ សាច់មង និងបង្គោល ត្រូវបានសមត្ថកិច្ចកាប់បំផ្លាញ និងដុតកម្ទេចចោលនៅនឹងកន្លែង ។ ចំណែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍ ៕
ដោយ៖ អារុណរះ