ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើករថយន្តកាមរី បាឡែនមួយគ្រឿងជ្រុលទៅបុករថយន្ត Lexus RX330 ពីរក្រោយបណ្ដាលឱ្យរងការខូចខាតរៀងៗខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវបេតុងវត្តតាំងកសាង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តLexus RX330 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AB-3300ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តCamry បាឡែន មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2Y-8087បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀតបើកមកពីក្រោយជ្រុលទៅបុករថយន្ត Lexus ចំផ្នែកខាងស្ដាំបណ្ដាលឱ្យរងការខូចខាត ចំណែករថយន្ត camry បាឡែនរងការខូចខាតផ្នែកខាងមុខខាងឆ្វេង។
ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីខាងរថយន្តបាឡែនបានចេញសំណងចំនួន១៥០ដុល្លារទៅឱ្យខាងភាគីរថយន្ត Lexus ដើម្បីបញ្ចប់រឿងរួចក៏បើករថយន្តចេញរៀងៗខ្លួនបាត់ទៅ៕
ដោយ៖សុខាសែនជ័យ