ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងរត់លេងមុជទឹកភ្លៀង លើផ្លូវមុខផ្ទះ ត្រូវបានរថយន្តបុកពេញទំហឹង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោចអធ័ម ខណៈកំពុងរត់លេងមុជទឹកភ្លៀងលើផ្លូវមុខផ្ទះ ត្រូវបានរថយន្តតាកូម៉ា១គ្រឿង អត់ស្លាកលេខបើកបុកពេញទំហឹង។

ហេតុការណ៍ខាងលើនេះកើតឡើង នៅវេលាម៉ោង ១៥:១០នាទី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះឈ្មោះ ខាំផាម៉ន ភូមិស្ដៅ១ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

នេះបើតាមរបាយការណ៍របស់អធិការរដ្ឋាននគបាលស្រុកសេសាន បានឲ្យដឹងថា. រថយន្ត១គ្រឿង ម៉ាក តាកូម៉ា ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរមាន ឈ្មោះ ហៀច  ភេទ ប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូ មានទីលំនៅបច្ចុប្បន្ននៅភូមិបាចុង ឃុំព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ បើកបរពីទិសខាងកើត ទៅទិសខាងលិច បានបុកក្មេងកំពុងលេងទឹកភ្លៀងនៅមុខផ្ទះ(បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ)។

ក្មេងប្រុសដែលបានស្លាប់នោះ មានឈ្មោះ ម៉ន ទី ភេទប្រុស អាយុ៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុក ឪពុកម្តាយ មានទីលំនៅភូមិស្ដៅ១ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបញ្ចាក់ថា, រថយន្តបង្កខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ ធ្វើកំណត់ហេតុដកហូត យកមករក្សាទុកនៅប៉ុស្តិ៍។

ចំណែកអ្នកបើកបររថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍កសាងសំណុំរឿង ដើម្បីបញ្ជូនមកស្នងការនគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធីច្បាប់។ ចំណែកសាកសពក្មេងប្រុសខាងលើ សមត្ថកិច្ចធ្វើការប្រគល់ឲ្យឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ៕

ដោយ៖ មាស សុផាត


ចែករំលែក៖