ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោក ឃួង ស្រេង ផ្ដល់អំណោយសប្បុរសធម៌ ជូនសមាជិកមូលនិធិស៊ីក្លូ នៅរាជធានី៣០០ នាក់ របស់សម្តេចតេជោហ៊ុន សែន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ សមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ ទទួលបានថវិកានិងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។

  ថវិកានិងសម្ភារៈទាំងនេះត្រូវបានលោកម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជាប្រគល់ជូនពួកគាត់នាព្រឹកថ្ងៃទី២២ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ។

    លោកម៉េត មាសភក្តី បានមានប្រសាសន៍ឱ្យដឹងថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងក្រើនរំលឹកឱ្យលោក ឃួង ស្រេង យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង៣០០នាក់បានទទួលថវិកានិងសម្ភារៈរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន  ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបន្ថែមពីលើការឧបត្ថមប្រចាំខែជូនពួកគាត់ ដែលអំណោយទាំងនេះ ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល(តាមកុងវីង)មី២កេស ទឹកបរិសុទ្ធ២កេសនិងទឹកត្រី១យួរ។

   សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺឱ្យតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់អាចបើកបាន៣ដងក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណ ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ ហើយក្នុងបរិបទជម្ងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស់ អាល់កុល ជែល ជូនពួកគាត់ថែមទៀត។ 

     គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺមានរយៈពេល៤ឆ្នាំ ហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំង៕

ដោយ ៖ សំរិត


ចែករំលែក៖