ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ ក្នុងរយៈពេល២ថ្ងៃជាប់គ្នា កម្លាំងនគរបាលជំនាញស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង បានធ្វេីការស្រាវជ្រាវរហូតឈានដល់ការចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ រួមនឹងថ្នាំញៀនជាច្រើនកញ្ចប់។
របាយការណ៍ដដែលបន្តថា ជាក់ស្ដែងកាលពីព្រលប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី ត្រង់ចំណុចអណ្ដូងកន្ទួត ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ងួន សុភាព ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិបុស្សខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៧ថង់ ទម្ងន់ ៧,៧០ក្រាម
-ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ
-ប្រាក់រៀលចំនួន១៥៣,២០០រៀល (ដប់ប្រាំម៉ឺនបីពាន់ពីរយរៀល)
-កាបូបស្ពាយ ពណ៌ផ្កាឈូកចំនួន០១
-ទូរស័ព្ទ ០១គ្រឿង Nokia ពណ៌ខ្មៅ ស៊េរីចាស់
-ដែកកេះចំនួន០៣
-ទុយយោសម្រាប់ចែករំលែកថ្នាំញៀន ចំនួន០១
-កូនថង់សម្រាប់រំលែកថ្នាំញៀនមួយចំនួន។
ករណីនេះគឺអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងមានការអនុញ្ញាតសម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ងួន សុភាព សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន០១នាក់ទៀតនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១២ និង០០នាទី ត្រង់ចំណុចក្រុមទី០៩ ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។ ជនសង្ស័យឈ្មោះ ឡៃ សុខនី ហៅ និច ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។
ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន ៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៩ថង់ ទម្ងន់ ២,៨៩ក្រាម
-ក្រដាសវីងវេរលុយមួយចំនួន
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ។
បច្ចុប្បន្នជនសង័្សយ រួមនឹងវត្ថុតាងកម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធីច្បាប់ ៕
ដោយ៖ អរុណរះ