ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលស្រុកទឹកផុស សូមជូនដំណឹង ស្តីពី ការផ្អាកធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖​ រដ្ឋបាលស្រុកទឹកផុស សូមជូនដំណឹង ស្តីពី ការផ្អាកធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ 

យោង​តាម​សេចក្ដី​ជូនដំណឹង​រដ្ឋបាលស្រុកទឹកផុស​ បានបញ្ជាក់ថា​៖​ សូមគោរពជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ព្រមទាំង ភ្ញៀវទេសចរណ៍ទាំងអស់មេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើ ឱ្យទឹកជំនន់ឡើងខ្ពស់ខ្លាំង នៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល និងធ្វើឱ្យមានការខូច ខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវ ទំនប់ ប្រឡាយដើម្បីរក្សាបាននូវស្ថេរភាព សុវត្ថិភាពដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវ ទេសចរណ៍ដែលមានបំណងមកលេងកំសាន្តនៅ… តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល រដ្ឋបាលស្រុកទឹកផុស សូមធ្វើការផ្អាកជាបណ្តោះអាសន្នដំណើរកំសាន្តនូវតំបន់ទេសចរណ៍ ធម្មជាតិទឹកធ្លាក់ថ្មក្រាលចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ រហូតដល់ជូនដំណឹង សារជាថ្មីឡើងវិញ។

អាស្រ័យដូចបានជូនដំណឹងខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ទាំងអស់មេត្តាជ្រាបជាដំណឹង។

សូមជម្រាបដែរថា​ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ លោកវរសេនីយ៍ឯក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស ដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោងម៉ោង កម្លាំងប្រជាការពារ បានចុះជួយអន្តរាគមន៍ជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ដែលទទួលរងនូវជំនន់ទឹកភ្លៀងដែលហូរនៅលើស្ពាន និងហូរលើផ្លូវ ដោយបានច្រកបាវខ្សាច់ទប់ស្កាត់ទឹកកុំឱ្យមានការហូរច្រោះបាក់ដីក្បាលស្ពាន និង ផ្លូវផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖