ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំក្រុមការងារយេនឌ័រ នាំយកអំណោយមេបញ្ជាការកងទ័ពជើងគោក​ ជូនអតីតយុទ្ធជន មានជីវភាពលំបាកខ្វះខាតនៅឃុំក្រយា ស្រុកសន្ទុក

ចែករំលែក៖

ខេត្ត​កំពង់​ធំ​ ៖​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ​ បានដឹកនាំក្រុមយេនឌ័រ ជាយោធិននារីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាលសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត កំពុងរស់នៅកសាងជីវភាពថ្មីនៅលើដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពិសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ពេលវេលានិងគ្រប់នៅគ្រប់ទីកន្លែង ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ អតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ចនៅទីនេះមានចំនួន១៤១គ្រួសារ អស់រយៈពេលជាងពីរឆ្នាំកន្លងមកហើយ ដោយក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នងមានទំហំ ៧ម៉ែត្រ គុណនឹង ៥ម៉ែត្រ និងដីសម្បទានសង្គមកិច្ចចំនួន១៥.០០០ ម៉ែត្រការ៉េ ក្នុងមួយគ្រួសារ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវលំក្នុងភូមិប្រវែង១២គីឡូម៉ែត្រ មានអណ្ដូងទឹកស្អាត សម្រាប់ប្រើប្រាស់  ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន  សែន  និង សម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន   

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកនូវអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតចំនួន១២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ២៥គីឡូក្រាម មីចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួន។ ដោយឡែកក្រុមគ្រួសារអតីតយុទ្ធជនដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះ ក៏បានទទួលថវិកាមួយចំនួនផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖