ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមខណ្ឌ៧មករា ផ្តល់អំណោយមនុស្សធម៍ជូនប្រជាពលរដ្ឋជួបជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ក្នុងសង្កាត់វាលវង់

ចែករំលែក៖

ភ្នំពេញ​៖​ នៅក្នុងបរិវេណវត្តព្រះពុទ្ធមានបុណ្យ នាព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២២នេះ បានរៀបចំពីធីសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្ស អនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌ៧មករា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង សរុបចំនួន ៥០គ្រួសារ ដែលមកសង្កាត់វាលវង់ ក្នុងខណ្ឌ៧មករា ដឹកនាំដោយ លោក ថេង សុថុល អភិបាល នៃគណៈភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពីសំណាក់ លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា លោក លោកស្រី អភិបាលរង ខណ្ឌ៧មករា និងមានការនិមន្តចូលរួមពីព្រះគ្រូបញ្ញាឧត្តមនី តិល កុសល ព្រះគ្រូសូត្រឆ្វេង តំណាង ព្រះបីដកធម្ម ម៉ៅ នីម ព្រះគ្រូអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ សមាជិក សមាជិកា អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា លោក លោកស្រី នាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រី ប្រធានការិល័យចំណុះទាំង១១ លោក លោកស្រីចៅសង្កាត់ទាំង៨ ។

ជាកិច្ចចាប់ផ្តើម លោក ឌី រ័ត្នខេមរុណ អភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈកម្មការអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា បានធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីការកែសម្រួសមាសភាព ប្រធាន អនុប្រធាន កិត្តិយសអនុសាខា និងប្រធាន អនុប្រធាន សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌ៧មករា និង វឌ្ឍនភាព នៃការផ្តល់អំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ក្នុងរយៈពេលដែលលោក ចូលបំរើការងារជាអភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា គឺបានចូលរួមសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ វិទ្យាល័យបាក់ទូក និងបានផ្តល់នូវទេយ្យវត្ថុប្រគេនព្រះសង្ឃទាំង៣វត្ត ក្នុងខណ្ឌ៧មករា បានចំនួន ៧លើក និង បានទទួលទេយ្យទាន បានចំនួន ១លើក ។

បន្ទាប់មក លោក ថេង សុថុល អភិបាល នៃគណៈភិបាលខណ្ឌ៧មករា និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ក៍បានធ្វើការកោតសរសើរដល់សកម្មភាពមនុស្សធម៌របស់អនុសាខាកាកបាទក្រហម ខណ្ឌ៧មករា ដែលបានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកន្លងមក និង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។​ 

ជាមួយគ្នានេះ លោកអភិបាល ក៏សូមឱ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធានការបង្ការ​ និងការពារខ្លួនពីជំងឺកូវីដ-១៩​ និងជំងឺអុតស្វា​ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។ 

ដោយឡែកអំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖​ អង្ករ ១បាវ ស្មើនិង ២៥ គីឡូក្រាម , ទឹកត្រី ឬទឹកស៊ីអ៉ីវ ១យួរ , មី ១កេស , ទឹកសុទ្ធ ១កេស និងថវិកា ៥ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕

ដោយ៖ស តារា


ចែករំលែក៖