ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងប្រកាសទទួលស្គាល់រុស្ស៊ីដាក់បញ្ជូលទឹកដីរបស់អ៊ុយក្រែន៤ខេត្តក្រោមការគ្រប់គ្រងរបស់រុស្ស៊ី

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបង្ហាញការគាំទ្រដល់សកម្មភាពរបស់រុស្ស៊ីដែលបានសម្រេចដាក់បញ្ជូលខេត្តចំនួន៤របស់អ៊ុយក្រែនក្រោមការគ្រប់គ្រងរបស់ខ្លួនក្រោយពេលបោះឆ្នោតប្រជាមតិទទួលបានការគាំទ្រខ្ពស់។ ប៉ុន្តែការដាក់បញ្ជូលនោះទទួលរងការប្រតិកម្មយ៉ាងខ្លាំងពីបណ្តាប្រទេសលោកខាងលិច ពិសេសគឺអាមេរិក។
លោក Jo Chol Su រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់ថា ការបោះឆ្នោតប្រជាមតិនៅខេត្តចំនួន៤របស់អ៊ុយក្រែនដើម្បីចូលជាមួយរុស្ស៊ីទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ ទាំងនោះគឺជារឿងសមស្របតាមរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។
ប៉ុន្តែអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Gutteres បានថ្កោលទោសយ៉ាងខ្លាំងដល់ការសម្រេចដាក់បញ្ជូលខេត្តចំនួន៤របស់អ៊ុយក្រែនចូលក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
តាមការលើកឡើងរបស់លោក Jo Chol Su បានចោទប្រកាន់អាមេរិកចងគំនុំជាមួយប្រទេសមិនមែនជាមិត្ត ។ កន្លងមកអាមេរិកធ្លាប់បានវាយប្រហារប្រទេសផ្សេង ដើម្បីពង្រីកអំណាចរបស់ខ្លួន។
សារព័ត៌មាន KCNA បានផ្សាយថា « ដើម្បីរក្សាពិភពលោក តម្លាភាព អាមេរិកបានជ្រៀតជ្រែកដោយកិច្ចការផ្ទៃក្នុងរបស់ប្រទេសមានឯករាជ្យ ហើយតែងតែបំពានដែនអធិបតេយ្យភាពប្រទេសផ្សេងទៀត ។

មិនតែប៉ុណ្ណោះអាមេរិកបានប្រើប្រាស់អង្គការសហប្រជាជាតិ ដូចជាឧបករណ៍ដើម្បីដាក់គំនាបទៅលើប្រទេសដែលអាមេរិកចាត់ទុកថាជាសត្រូវរបស់ខ្លួន៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Arirang


ចែករំលែក៖