ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីពូទីនចុះហត្ថលេខា លើសន្ធិសញ្ញាបង្រួបបង្រួមតំបន់ចំនួន៤ពីអ៊ុយក្រែន

ចែករំលែក៖

នៅថ្ងៃទី៥ខែតុលា ប្រធានាធិបតីពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាបង្រួបបង្រួម សាធារណរដ្ឋ Donetsk និង Lugansk ព្រមទាំងខេត្ត Kherson និង Zaporozhye ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ សកម្មភាពខាងលើនឹងជួយដល់ទឹកដីរុស្ស៊ីកាន់តែរីកធំឡើងៗ បន្ទាប់ពីបញ្ចូលតំបន់គ្រីមៀ។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ីលោកពូទីន បានសម្រេចជាផ្លូវការនូវការបញ្ចូលទឹកដីដែលមានទំហំច្រើនជាង ១៥ភាគរយរបស់ប្រទេសអ៊ុយក្រែន ស្របពេលដែលកងកម្លាំងរបស់រុស្ស៉ី កំពុងខិតខំព្យាយាមទប់ទល់ការវាយបករបស់ទីក្រុងកៀវទាំងនៅភាគខាងត្បូងនិងភាគខាងកើតអ៊ុយក្រែន។
លោក ពូទីន បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ចំនួន៤ស្តីពីការទទួលយកតំបន់ដូណេត (Donetsk), លូហាន (Luhansk), ខឺសុន (Kherson) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) របស់អ៊ុយក្រែន មកក្លាយជាផ្នែកនៃប្រទេសរុស្ស៉ី បន្ទាប់ពីសេចក្តីព្រាងច្បាប់ទាំងនោះ ត្រូវបានផ្តល់សច្ចាប័នដោយសភារបស់រុស្ស៉ី។
ការប្រកាសកាត់បញ្ចូលទឹកដីខាងលើធ្វើឡើងបន្ទាប់ពីការបោះឆ្នោតប្រជាមតិដែលពុំមានការទទួលស្គាល់ពីក្រុមលោកខាងលិច ហើយនិងទីក្រុងកៀវ បានប្រព្រឹត្តទៅកាលពីចន្លោះថ្ងៃទី២៣-២៧ ខែកញ្ញា នៅតំបន់ទាំងបួន។ តំបន់ទាំងនេះដែលរុស្ស៉ីប្រកាសកាត់យក គឺមិនមែនសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរុស្ស៉ីទាំងស្រុងឡើយ។ ទោះជាយ៉ាងណាក្តី ទឹកដីដែលរុស្ស៉ីកាត់បញ្ចូលគឺស្មើនឹងច្រើនជាង១៥ភាគរយនៃដែនដីអ៊ុយក្រែនទាំងមូល ប៉ុន្តែព្រំប្រទល់ជាក់លាក់គឺមិនទាន់កំណត់ច្បាស់នៅឡើយទេ។
ដោយឡែក ផែនទីបង្ហាញដោយក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃអង្គារសប្តាហ៍នេះបានឱ្យឃើញពីការដកថយយ៉ាងឆាប់រហ័ស នៃកងកម្លាំងឈ្លានពានរបស់រុស្ស៉ី ចេញពីតំបន់នៅភាគខាងត្បូងក៏ដូចជាខាងកើតអ៊ុយក្រែន ជាទីដែលពួកគេបានស្ថិតក្រោមសម្ពាធខ្លាំងពីយុទ្ធនាការវាយបករបស់អ៊ុយក្រែន៕

ដោយ៖ ធីរីណា(រូបថត៖ RT)


ចែករំលែក៖