ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិងកូរ៉េខាងត្បូងធ្វើសមយុទ្ធរួមក្រោយកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលជាច្រើនគ្រាប់

ចែករំលែក៖

កម្លាំងទាហានកូរ៉េខាងត្បូងនិងអាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធរួមដោយមានការចូលរួមពីនាវាផ្ទុកយន្តហោះ USS Ronald Reagan។ ការធ្វើសមយុទ្ធខាងលើកើតឡើងក្រោយពេលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី។ តាមការលើកឡើងរបស់អគ្គមេបញ្ជាការកម្លាំងទាហានចម្រុះអាមេរិកប្រចាំនៅកូរ៉េខាងត្បូង (JCS) បានលើកឡើងថា ការធ្វើសមយុទ្ធចាប់ផ្តើមនៅថ្ងៃទី៧និង៨ខែតុលា ។
សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២ បានផ្សាយថា សមយុទ្ធយោធានេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លី២គ្រាប់ ធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន ព្រមទាំងបានបញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿងហោះមកក្បែរតំបន់ព្រំដែនជាមួយកូរ៉េខាងត្បូងកាលពីថ្ងៃទី៦ខែតុលា។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងបន្តពង្រឹងសមត្ថភាពប្រតិបត្តិការរបស់ពួកយើង ហើយត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងរាល់ការបង្កហេតុដោយកូរ៉េខាងជើង តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នានេះជាមួយកងកម្លាំងនាវាផ្ទុកយន្ដហោះចម្បាំង»។
ក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់មកពីជប៉ុន និងកូរ៉េខាងត្បូង ព្រមទាំងសហរដ្ឋអាមេរិកក៏បានពិភាក្សាគ្នាពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅថ្ងៃសុក្រនេះផងដែរ ជាមួយនឹងការថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Reuters


ចែករំលែក៖