ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបញ្ជាក់ថា មីស៊ីលដែល ខ្លួនបានបាញ់សាកល្បងកន្លងមកមានរយៈចម្ងាយមធ្យម

ចែករំលែក៖

នៅថ្ងៃទី១០ខែតុលា សារព័ត៌មានជាតិកូរ៉េខាងជើង(KCNA) បានផ្សាយថា មីស៊ីលដែលបានហោះហើរឆ្លងកាត់ប្រទេសជប៉ុននាពេលកន្លងមកបង្កឱ្យមានការភ្ញាក់ផ្អើលនោះគឺមីស៊ីលរយៈចម្ងាយធម្យមជំនាន់ថ្មី ហើយការបាញ់សាកល្បងត្រូវបានធ្វើឡើងក្នុងពេលកម្លាំងទាហានប្រជាជនកូរ៉េខាងជើង (KPA) ដែលបានចាប់ផ្តើមនៅថ្ងៃទី២៥ខែកញ្ញា ដល់ថ្ងៃទី៩ខែតុលា ដោយមានមេដឹកនាំគីម ជុងអ៊ុនដឹកនាំការធ្វើសមយុទ្ធដោយផ្ទាល់ ។ សកម្មភាពខាងលើ គឺដើម្បីឆ្លើយតបទៅនឹងសមយទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំរបស់កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកដែលបានបង្កើនភាពតានតឹងក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានផ្សាយថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលផ្លោងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះជាការបញ្ជូនសារដ៏រឹងមាំដើម្បីរារាំងសង្គ្រាម ហើយកំណត់គោលដៅអាកាសយានដ្ឋានរបស់សត្រូវ និងកំពង់ផែសំខាន់ៗ។ ការណ៍ដែលកូរ៉េខាងជើងសម្រេចចិត្តធ្វើសមយុទ្ធនេះ គឺជាការឆ្លើយតបដែលមិនអាចជៀសបានចំពោះការចល័តទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូងក្នុងទ្រង់ទ្រាយធំ រួមទាំងនាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាដើម។
KCNA បានដកស្រង់សម្តីរបស់ លោក គីម ដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាសត្រូវនៅតែបន្តនិយាយអំពីកិច្ចសន្ទនា និងការចរចាក៏ដោយ ប៉ុន្តែយើងមិនមានអ្វីត្រូវនិយាយទេ ហើយក៏មិនមានអារម្មណ៍ថាត្រូវការធ្វើដូច្នេះដែរ»។
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរលើកកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដែលជាការបាញ់មីស៉ីលលើកទី៧របស់ខ្លួន គិតចាប់តាំងពីថ្ងៃទី២៥ ខែកញ្ញាមក។
កាលពីថ្ងៃទី៤ ខែតុលា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលផ្លោងរយៈចម្ងាយមធ្យមរំលងប្រទេសជប៉ុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក៕ ដោយ៖ ធីរីណា

រូប​ថត​ :​ KCNA


ចែករំលែក៖