ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ៍ទី២៥ ខែតុលា ឆ្នាំ២០២២ អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីអត្តសញ្ញាណប័ណ្ណដែលផុតសុពលភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអគ្គស្នងការនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងថាកិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ដើម្បីពិភាក្សាស្វែងរកវិធានការ ដោះស្រាយបញ្ហាអត្តសញ្ញាណបណ្ណផុតសុពលភាពរបស់ប្រជាពលរដ្ឋ ពីព្រោះអត្តសញ្ញាណបណ្ណ គឺជាឯកសារដែលចាំបាច់បំផុតសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោកនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើសេចក្តីរាយការណ៍សង្ខេបជូនសម្តេចក្រឡាហោម និង អង្គពិធីទាំងមូលបានជ្រាបថា រហូតមកដល់ពេលនេះក្រុមការងារអត្តសញ្ញណកម្មបានផ្តល់ជូនអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋជាង១២លាននាក់ ដោយឡែកចំពោះអត្តសញ្ញាណបណ្ណដែលអស់សុពលភាព អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានតួរលេខគ្រប់គ្រាន់ និងបានរៀបចំផែនការ ព្រមទាំងក្រុមជំនាញដើម្បីត្រៀមដោះស្រាយបញ្ហានេះផងដែរ។
លោក បានបញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បច្ចុប្បន្នកំពុងធ្វើការតាមដាន ត្រួតពិនិត្យតាមបច្ចេកទេស ដើម្បីស្រង់ឈ្មោះ ធ្វើបច្ចុប្បន្នភាពពលរដ្ឋតាមមូលដ្ឋាន និង ត្រៀមផ្គត់ផ្គង់សម្ភារៈសម្រាប់បោះពុម្ពអត្តសញ្ញាណបណ្ណ ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ព្រមទាំងយកទៅប្រេីប្រាស់ជាឯកសារចូលរួមការបោះឆ្នោតនាពេលខាងមុខ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដែលបានធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធការងារអត្តសញ្ញាណបណ្ណដែលផុតសុពលភាព។ ជាមួយគ្នានោះ សម្តេចក្រឡាហោម ក៏បានណែនាំឱ្យបង្កើតក្រុមកាងារអន្តរអគ្គនាយកដ្ឋាន ដែលមានការចូលរួមសហការ ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានរដ្ឋបាល ដើម្បីដោះស្រាយបញ្ហាអត្តសញ្ញាណបណ្ណអស់សុពលភាពនេះជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស៕
ដោយ៖ស តារា