ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានមានប្រសាសន៍ថា, ថ្ងៃនេះជាខួបទី ១០០ ព្រះវស្សា នៃថ្ងៃប្រសូតិ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។ ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ ចៅទួត បានមកជួបជុំគ្នានៅព្រះមណ្ឌលព្រះបរមរូបរៀបចំព្រះរាជពិធី «គោចរបិណ្ឌបាត្រ» ប្រគេនព្រះសង្ឃ ១០០ អង្គ ដើម្បីឧទ្ទិសមហារាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គ។
លោក ហ៊ុនម៉ានី បានលើកឡើងថា, ថ្វីត្បិតព្រះវរកាយព្រះអង្គបានចាកឆ្ងាយពីកូនចៅ ចៅទួតក៏ពិតមែន ក៏ព្រះមហាករុណាទិគុណ និងស្នាព្រះហស្ថក្នុងព្រះរាជបូជនីយកិច្ចដើម្បីឯករាជ្យជាតិ និងកសាងជាតិនៅស្ថិតក្នុងការក្រឳបេះដូងទូលព្រះបង្គំយើងខ្ញុំជាដរាប។
លោកថ្លែងបន្តថា, ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ទូលព្រះបង្គំសូមសម្តែងនូវសេចក្តីថ្លែងអំណរព្រះរាជគុណ ប្រកបដោយកត្តញ្ញូកតវេទីបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សុភមង្គល និងសេចក្តីថ្លៃថ្នូរ សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ដែលទ្រង់សព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងមូលនិធិមុទិតា រៀបចំព្រះរាជពិធីដ៏ថ្លៃថ្លា ប្រកបដោយអត្ថន័យមួយនេះផងដែរ៕
ដោយ : សិលា