ខេត្តកោះកុង ៖ ព្រោះតែភ្លេីងប្រចណ្ឌ បុរសម្នាក់បានប្រើអំពើហិង្សា លើប្រពន្ធបណ្ដាលឱ្យរងរបួសយ៉ាងដំណំលើរាងកាយ ក៏ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចុះទៅឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការ កាលពីថ្ងៃទី០៧ ខែវិច្ឆិកាម្សិលមិញនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ហុង បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទប្រើអំពើហិង្សា លើប្រពន្ធដោយការប្រចណ្ឌ យោងតាមបណ្តឹងរបស់ឈ្មោះ ឈុំ ស្រីរ័ត្ន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកបំរើការងារនៅ KTV មានទីលំនៅស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សូមជម្រាបថា ជនសង្ស័យ បានធ្វើសកម្មភាពច្របាច់កជនរងគ្រោះ និងបានយកអំបែងកញ្ចក់ចាក់ចំ.ពោះជនរងគ្រោះដោយសារប្រចណ្ឌ បណ្តាលឲ្យរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
បច្ចុប្បន្ន កម្លាំងជំនាញបានបំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖សហការី