ខេត្តព្រះសីហនុ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេ បញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុចេញប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរ នៅចំណុចសណ្ឋាគារ សុខសាន្ត ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យា។
ប្រភពឲ្យដឹងថា វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយ លោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចេញប្រតិបត្តិការចុះត្រួតពិនិត្យ និងឆែកឆេរ នៅចំណុចសណ្ឋាគារ សុខសាន្ត ពាក់ព័ន្ធនឹងករណី ឆបោកតាមប្រព័ន្ធតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ស្ថិតក្នុងក្រុមទី១៧ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបាន ឆែកឆេរនៅជាន់ទី៥ ឃើញមានទ្វារដែក ឃាំងដាច់ដោយឡែកពីជាន់ផ្សេងៗ មានតុសណ្ឋាគាររៀបចំផ្គុំធ្វើជាតុ ទូរសព្ទដៃអនឡាញ ព្រមទាំង មូឌឹមវាយហ្វាយ ដោយមានតម្រុយសង្ស័យ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ (ស្រី ០៣នាក់) ជនជាតិ វៀតណាម មុខរបរ បុគ្គលិក អនឡាញ ស្នាក់នៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ត ព្រះសីហនុ។
+ ចាប់ដកហូតវត្ថុតាងរួមមាន៖
១-ទូរសព្ទដៃ ចំនួន ១១គ្រឿង
២-លិខិតឆ្លងដែន ចំនួន ១០ច្បាប់
៣-ទូរសព្ទដៃ (អនឡាញ) ចំនួន ០១គ្រឿង
៤-វាយហ្វាយចល័ត ចំនួន ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ចែងអនុវត្តតាមនីតិវិធី៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច