ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងនូវការប្តេជ្ញាចិត្តថា នឹងខិតខំបំពេញតួនាទីភារកិច្ចការពារជាតិមាតិភូមិ និងថែរក្សាសន្តិសុខ សណ្តាប់ធធ្នាប់សង្គម ពិសេសការពារឱ្យខានតែបាននូវសន្តិភាព ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ព្រោះសន្តិភាពគឺជាប្រភពនៃសុភមង្គលរបស់ប្រជាជនកម្ពុជាគ្រប់រូប និងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
ថ្លែងក្នុងមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ដែលបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់សារជាថ្មីថា «កងយោធពលខេមរភូមិន្ទ ប្តេជ្ញាកម្ទេចរាល់អំពើក្បត់ជាតិ និងមនោគមន៍វិជ្ជាជ្រុលនិយម ដែលមានគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងបន្តអនុវត្តរាល់អនុសាសន៍ដ៏មានតម្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា