ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលកន្លះម៉ោង សង្កាត់ស្វាយតឿក្រុងស្វាយរៀងមានមនុស្សស្លាប់ម្នាក់របួសធ្ងន់ស្រាល៣នាក់ដោយគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ រយៈពេលកន្លះម៉ោង សង្កាត់ស្វាយតឿក្រុងស្វាយរៀងមានមនុស្សស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នារវាងម៉ូតូបុករថយន្តកុងតឺន័រ និងរថយន្តមិនចាំម៉ាកបុកជាមួយម៉ូតូ។

     យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីព្រឹកភ្លឺថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុង ស្វាយរៀង ដោយមានសឺមីរុឺម៉កកុងតឺន័រ ពណ៌ខៀវមួយគ្រឿង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានឈប់ចតពីជើងទៅត្បូង ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ​១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង​ ១S-២០២៨ បើកបរដោយឈ្មោះ អាត ពៅ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ​រោងចក្រ​ រស់នៅភូមិគ្រញូង​ ឃុំរមាំងថ្កោល​ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ដោយធ្វើដំណើរពីជើងទៅត្បូង ប្រើប្រាស់​ល្បឿនលឿន​មិនប្រយ័ត្នជ្រុលទៅបុកសឺមីរុឺម៉កកុងតឺន័រដែលកំពុងឈប់ចតពីក្រោយពេញទំហឹងផ្អើលអ្នកភូមិទាំងព្រឹកតែម្ដង។

     ក្រោយកើតហេតុបុរសដែលរងរបួសធ្ងន់ត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង​និង

សមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយបន្តតាមច្បាប់។

    ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២  លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគឺឡូម៉ែត្រលេខ១២៩និងលេខ១៣០ ស្ថិតក្នុងភូមិឃោសាង សង្កាត់ ស្វាយតឿ ក្រុងស្វាយរៀង មានម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​ ១A-១៩៣៣ បើកបរដោយឈ្មោះ សេង យូរ៉ាក ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរកម្មកររោងចក្រ  អ្នករួមដំណើរ២នាក់ មានឈ្មោះ នុត លីដា ភេទ ប្រុស អាយុ២២ឆ្នាំ និងឈ្មោះ នី ស្រី​អូន ភេទស្រី អាយុ២១ឆ្នាំ  អ្នកទាំង៣រស់នៅរស់នៅភូមិអង្គតាមោក ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយធ្វើដំណើរពីលិចទៅកើត ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿនស្របទិសគ្នាមកបុកពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

    ក្រោយមកឈ្មោះស្រី​អូនដែលជិះពីក្រោយរងរបួសធ្ងន់ពេកបានស្លាប់គួរអោយសង្វេគបំផុត។

ចំណែកអ្នកបើករថយន្តពេលឃើញសភាពការណ៍មិនស្រួលបានបើកគេចខ្លួនភ្លាមៗបាត់ស្រមោលតែម្ដង៕

ដោយ៖ សុថាន


ចែករំលែក៖