ព័ត៌មានទាន់ហេតុការណ៍៖

ពិធីបើកសន្និសីទជាតិលើកទី១៣ ឆ្នាំ២០២២ ស្ដីពី គីមី និងជីវិត

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមបើកសន្និសីទជាតិលើកទី១៣ ឆ្នាំ២០២២ ស្ដីពី “គីមី និងជីវិត” ដែលបានរៀបចំដោយ សមាគមគីមីកម្ពុជា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានអ្នកចូលរួមដោយផ្ទាល់ចំនួន ៣០នាក់ និងតាមប្រព័ន្ធអនឡាញចំនួន ៦៥នាក់ សរុបចំនួន ៩៥នាក់។

ថ្លែងក្នុងឱកាសនេះ លោកស្រីបណ្ឌិត បានសំដែងការគោរព សរសើរ និងអរគុណដល់សមាគមគីមីកម្ពុជា ដែលបាន និងកំពុងចូលរួមគាំទ្រដល់ដំណើរការអភិវឌ្ឍធនធានមនុស្សកម្ពុជាឆ្លើយតបទៅនឹងទិសដៅអភិវឌ្ឍជាតិក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនាឆ្នាំ២០៥០។ ទន្ទឹមនេះ សមាគមគីមីក៏បានចូលរួមអភិវឌ្ឍធនធានគ្រូបង្រៀនកម្ពុជាឆ្លើយតបទៅនឹងគោលដៅកំណែទម្រង់វិស័យអប់រំដែលមានសសរស្ដមកំណែទម្រង់គ្រូបង្រៀនជាអាទិភាពទី១។ គ្រូបង្រៀនជាអមត:នៅតែជាចលករគន្លឹះក្នុងដំណើរសម្រេចគោលដៅកសាង និងផ្ដល់សម្បទាទាំង៥ដ៏រឹងមាំជូនដល់ធនធានមនុស្ស គឺចំណេះដឹងសម្បទា បំណិនសម្បទា ចរិយាសម្បទា គុណធម៌សម្បទា និងស្មារតីស្នេហាជាតិសម្បទា។

លោកស្រី ក៏បានសង្កត់ន័យថា ចំណេះដឹងផ្នែកគីមី មិនត្រឹមតែផ្ដល់ផលប្រយោជន៍សម្បទាទាំង៥ ខាងលើដល់គ្រូបង្រៀន សិស្សានុសិស្សប៉ុណ្ណោះទេ តែក៏ជួយដល់សហគមន៍ឱ្យមានលទ្ធភាពថែទាំ និងអភិវឌ្ឍសុខភាព អាយុជីវិត និងបរិស្ថានថែមទៀត។ ដូចនេះ លោកស្រី បានសំណូមពរដល់សមាគមបន្តការសិក្សា ស៊ីជម្រៅលើប្រធានបទស្ដីពី “គីមី និងជីវិត” ដើម្បីចែករំលែកឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសុវត្ថិភាព និងផាសុកភាពសហគមន៍ ក្នុងប្រទេសជាតិយើង៕

ដោយ : សិលា


ចែករំលែក៖