ព័ត៌មានទាន់ហេតុការណ៍៖

មីស៊ីលរុស្ស៊ីធ្លាក់នៅភាគខាងកើតប្រទេសប៉ូឡូញសម្លាប់មនុស្ស ២នាក់

ចែករំលែក៖

នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា កម្លាំងទាហានប៉ូឡូញបានប្រកាសថា មានមីស៊ីលមួយដើមផលិតដោយរុស្ស៊ី បានធ្លាក់នៅភាគខាងកើតប្រទេសប៉ូឡូញបណ្តាលឲ្យពលរដ្ឋ២នាក់ស្លាប់។ នេះជាករណីដំបូងបង្អស់ ដែលមីស៊ីលរុស្ស៊ីធ្លាក់នៅក្នុងទឹកដីប្រទេសជាសមាជិកណាតូ ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ប៉ូឡូញដែលជាសមាជិកបក្សសម្ព័ន្ធយោធាណាតូ (NATO) បានអះអាងថា មីស៊ីលមួយគ្រាប់ផលិតដោយរុស្ស៉ីបានធ្លាក់ចំតំបន់ភាគខាងកើតនៃប្រទេសរបស់ខ្លួន ស្ថិតនៅក្បែរព្រំដែនជាមួយអ៊ុយក្រែន ហើយបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងវ៉ាសូវី មកសួរនាំ ក្រោយទីក្រុងមូស្គូបដិសេធថាខ្លួនមិនមែនជាអ្នកបាញ់មីស៊ីលនេះឡើយ។
បើតាមក្រសួងការបរទេសប៉ូឡូញ បានបញ្ជាក់ថា មីស៊ីលមួយគ្រាប់បានធ្លាក់ចំភូមិផ្សេវ៉ូដូវ (Przewodow) ស្ថិតនៅភាគខាងកើតប្រទេសប៉ូឡូញមានចម្ងាយប្រហែល៦គីឡូម៉ែត្រពី ព្រំដែនអ៊ុយក្រែន នៅវេលាម៉ោង៣ៈ៤០នាទីរសៀលថ្ងៃអង្គារសប្ដាហ៍នេះ ដោយបានផ្ដាច់ជីវិតមនុស្ស២នាក់។ រីឯសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ពួកគេកំពុងបើកការស៊ើបអង្កេតដោយមិនទាន់អាចបញ្ជាក់ថាតើនរណាជាអ្នកនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ។
មេដឹកនាំណាតូ និងមេដឹកនាំប្រទេសជាដៃគូបានកោះប្រជុំគ្នានៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជុំវិញគ្រាប់មីស៊ីលដែលធ្លាក់ចូលក្នុងទឹកដីប៉ូឡូញ ខណៈដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់សមភាគីប៉ូឡូញរបស់លោកថាទីក្រុងវ៉ាស៊ីនតោនមានការប្ដេជ្ញាចិត្តឥតងាករេចំពោះណាតូ ហើយនឹងគាំទ្រការស៊ើបអង្កេតរបស់ប៉ូឡូញ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​nld.com.vn


ចែករំលែក៖