ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ បន្តចាត់តាំងកម្លាំងចេញយាមតាមប៉ុស្ដិ៍សង្កេតការណ៍ និងល្បាតត្រួតពិនិត្យ បង្គោលសីមា លើខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤២ គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបង្កើនការយកចិត្តទុកដាក់ បន្តចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញ យាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។  

ក្នុងនោះដែរ លោកឧត្ដមសេនីយ៍ទោ មេបញ្ជាការ ក៏បានដាក់ចេញបទបញ្ជា ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រឹងប្រែងប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។

  លោកមេបញ្ជាការ បានផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនកងកម្លាំងទាំងអស់ដែលឈរជើងនិងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែននិងមានសុខភាពល្អទាំងអស់គ្នាផងដែរ ៕ 

ដោយ : សហការី


ចែករំលែក៖