ព័ត៌មានទាន់ហេតុការណ៍៖

គ្រូៗនៅអនុវិទ្យាល័យថ្មគ្រែ ជាង២០នាក់បាននាំគ្នាផ្តិតមេដៃ គ្រោងដាក់បណ្ដឹងទៅក្រសួងអបរំ យុវជន និងកីឡាសុំប្ដូរនាយកសាលា

ចែករំលែក៖

ខេត្តក្រចេះ ៖ លោកគ្រូអ្នកគ្រូប្រមាណជាង២៤នាក់នៅ អនុវិទ្យាល័យថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះបាននាំគ្នាផ្តិតមេដៃ និងធ្វើលិខិតស្នើសុំទៅក្រសួងអប់រំយុវជននិងកីឡា ដើម្បីសុំផ្លាស់ប្ដូរនាយកសាលាចេញពីតំណែង ។

 នៅក្នុងលិខិតរបស់លោកគ្រូ អ្នកគ្រូដែលអង្គភាពព័ត៌មានទទួលបាន នៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០២២ ដោយក្នុងលិខិតនោះបានស្នើគោរពជូន ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា មានខ្លឹមថា យើងខ្ញុំទាំងអស់គ្នាជាបុគ្គលិកនៃ វិទ្យាល័យ ថ្មគ្រែ ដែលមានស្នាមមេដៃទាំងអស់នៅខាងក្រោម មានការមិនពេញចិត្តទៅលើការដឹកនាំ របស់លោក ស៊ុន ម៉េងកាន នាយកវិទ្យាល័យថ្មគ្រែ ។

កាស្នើសុំដកលោក ស៊ុន ម៉េងកាន ចេញពីនាយកវិទ្យាល័យមូលហេតុលោក ស៊ុន ម៉េងកាន មានកំហុសជាច្រើនដូចជា ការគ្រប់គ្រងដោយអត្តនោម័តិមិនស្តាប់យោបល់របស់បុគ្គលិក សម្រេចកិច្ចការតែម្នាក់ឯង រាល់ព័ត៌មានពីថ្នាក់លើត្រូវបានផ្អាកទុក ហើយគ្រប់របាយការណ៍ដែលត្រូវបញ្ជូនទៅថ្នាក់លើមិនដែលទាន់ពេល ការគ្រប់គ្រងលើវិន័យ និងសណ្តាប់ធ្នាប់នៅក្នុងសាលានៅមានកម្រិត ។

លោកគ្រូអ្នកគ្រូក៏បានបញ្ជាក់បន្ថែមថា ចំពោះការ ចាយវាយថវិកាសាលាមិនមានតម្លាភាព ប្រើបុគ្គលិកខុសជំនាញ និងមិនមានការលើកទឹកចិត្ត ធ្វើឱ្យបុគ្គលិកបាត់បង់ទំនុកចិត្តក្នុងការបំពេញការងារប្រសិនមានសិក្ខាសាលាដែលតម្រូវឱ្យគ្រូបង្គោលចូលរួមបែរជាទៅដោយខ្លួនឯង រាល់ពាក្យសម្តីនិងកាយវិការខ្វះសុជីវធម៌ ។

      សម្រាប់ថវិកាសាលាចាប់ពីឆ្នាំ ២០១៧ ដល់២០២២ រាល់ការចាយវាយមិនបានផ្តល់ព័ត៌មានជូនបុគ្គលិក រាល់ថវិកាទាំងអស់ត្រូវបិទបញ្ជី ដោយមិនបានអភិវឌ្ឍន៍អ្វីធំកំភួនសោះឡើយ (សរុបមកគឺដកថវិកាសាលាទៅប្រើប្រាស់ផ្ទាល់ខ្លួនដោយធ្វើវិក័យបត្រក្លែងក្លាយទៀតផង) ។

ចំពោះសិស្សដែលគ្រូបន្ទុកថ្នាក់តម្រូវឱ្យត្រួតថ្នាក់បែរជាលោក ស៊ុន ម៉េងកាន ឱ្យឡើងថ្នាក់ទៅវិញ សញ្ញាបត្រដែលបេក្ខជនប្រលងជាប់ថ្នាក់ទី ១២ ត្រូវលោក ស៊ុន ម៉េងកាន យកលុយមួយសន្លឹក ៥,០០០ រៀល (ប្រាំពាន់រៀល)។

 ដោយឡែកចំពោះអាហារូបករណ៍របស់សកលវិទ្យាល័យ UMI ត្រូវលោក ស៊ុន ម៉េងកាន យកលុយពីសិស្ស ៥០% យកតម្លៃ ១០០,០០០រៀល និង ១០០% យកតម្លៃ ២០០,០០០រៀល សិស្សសុំផ្ទេរការសិក្សាទារលុយពីសិស្ស ៣០០,០០០រៀល រាល់ភស្តុតាងទាំងនេះបញ្ជាក់ថាលោក ស៊ុន ម៉េងកាន ខ្វះបុគ្គលិកលក្ខណៈជាអ្នកគ្រប់គ្រង ។

 ក្រុមលោកគ្រូបង្រៀនបានប្រាប់បន្ថែមទៀតថា អស់រយៈពេល៥ខែហើយ នៅតែមិនទាន់ មានដំណោះស្រាយ ពីថ្នាក់លើទៀត តទៅបើនៅតែបន្តទុកបុគ្គលរូបនេះធ្វើជានាយកតទៅទៀត សាលាវិទ្យាល័យថ្មគ្រែ គ្មានការអភិវឌ្ឍន៍ទេ គុណភាពការសិក្សារបស់សិស្សកាន់តែធ្លាក់ចុះជាលំដាប់ ហើយសិស្សប្តូរចេញពីសាលាទៅរៀនសាលាផ្សេងជាបណ្ដើរៗ។

ហើយក្រុមលោកគ្រូអ្នកគ្រូទាំងនោះសូមសំណូមពរដល់ក្រសួងអប់រំ មេត្តាជួយសម្រួលធ្វើការផ្លាស់ប្ដូរលោកនាយករូបនេះឱ្យបានឆាប់រហ័ស ដើម្បីរួមគ្នាដំណើរសាលារៀនឱ្យបានល្អឡើងវិញ។

គួរបញ្ជាក់ថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២នេះលោកគ្រូអ្នកគ្រូទាំងអស់នៅសាលាអនុវិទ្យាល័យខាងលើ ក៏បានធ្វើពហិការមិនព្រមចូលបង្រៀនសិស្ស អស់មួយរយៈដែរដោយសារការមិនពេញចិត្តនឹងការដឹកនាំរបស់លោកគ្រូនាយករូបនេះ ។

ក្រោយពីការធ្វើពហិការមិនព្រមចូលបង្រៀនក៏មានការសម្របសម្រួលពីខាងថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡានិងអាជ្ញាធរស្រុក សម្របសម្រួលដើម្បីឱ្យគ្រូៗបានចូលបង្រៀនសិស្សវិញផងដែរ ។

តាមការបញ្ជាក់របស់លោកគ្រូអ្នកគ្រូថា ការត្រឡប់ចូលទៅបង្រៀនសិស្សវិញ ដោយព្រោះតែយល់ដល់ការសិក្សារបស់សិស្ស ប៉ុន្តែរហូតមកដល់ពេលនេះការអនុវត្តរបស់គ្រូនាយក នៅតែបន្តកំហុសឆ្គងជាបន្តរបន្ទាប់ដដែលៗ ជាហេតុធ្វើឱ្យលោកគ្រូអ្នកគ្រូទាំងអស់បាននាំគ្នាផ្ដិតមេដៃនិងធ្វើលិខិតស្នើសុំទៅដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំដើម្បីចាត់វិធានការនិងផ្លាស់ប្ដូរគ្រូនាយកសាលានេះចេញ ដើម្បីឱ្យសាលា មួយនេះអាចនឹងដំណើរការបានល្អនិងមានការអភិវឌ្ឍន៍ដូចសាលាដទៃទៀតផង។

ទាក់ទិនករណីខាងលើលោក ស៊ុន ម៉េងកាន នាយកសាលាវិទ្យាល័យថ្មគ្រែ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៩វិច្ឆិកា២០២២នេះថា ក្រោយពីកូដកម្មមន្ទីរនិងអភិបាលស្រុកគាត់ដោះស្រាយ គ្រូៗគាត់ចូលធ្វើការធម្មតាហើយគេឱ្យខ្ញុំសម្របសម្រួលហើយមន្ទីរគេចេញលិខិតមួយគ្រប់គ្រងបណ្តោះអាសន្ន ហើយខ្ញុំជាប្រធាន នាយករងជាអនុប្រធាន ហើយក្រុមការងារកូដកម្មរបស់គាត់ជាសមាជិក អញ្ចឹងដំណើរការរឿងហ្នឹងយើងអាចដោះស្រាយកន្លងមកដល់ចុងឆ្នាំនេះ ហើយក្នុងលិខិតហ្នឹងគេចង់ថារាល់សេចក្តីសម្រេចនៅក្នុងអង្គភាពមានសំឡេង២ភាគ៣ បានយកជាការបាន ចឹងបានយើងខ្ញុំឯកភាពតាមលិខិតដែលមន្ទីរគាត់ចេញមកគឺជាលិខិតបង្គាប់ការបណ្តោះអាសន្នដើម្បីនិរន្តភាពការងាររៀនឱ្យចប់ចុងឆ្នាំហ្នឹង ហើយពីហ្នឹងមកបុគ្គលិកគាត់ធ្វើការធម្មតា ប៉ុន្តែអ្នកដែលគាត់មានបញ្ហាហ្នឹងគាត់នៅតែមានការថ្នាំងថ្នាក់គោលបំណងគាត់តែមួយគត់គឺគាត់ចង់ឱ្យខ្ញុំចេញពីហ្នឹង ចឹងអ្វីដែលជាកំហុសរបស់ខ្ញុំ ដែលមន្ទីរគេមកពិនិត្យពិច្ច័យនោះ ខ្ញុំគ្មានកំហុសណាដែលត្រូវដកហូតខ្ញុំ ព្រោះខ្ញុំធ្វើការមិនស្គាល់យប់ថ្ងៃ ដល់ចឹងខ្ញុំមិនដឹងថាម៉េចដែរ មកដល់ពេលហ្នឹង ហើយថ្នាក់លើនៅពេលណាដែលលិខិតបង្គាប់ការអស់សុពលភាព តើមន្ទីរគេដោះស្រាយយ៉ាងណាយើងអត់ទាន់ដឹងនៅឡើយទេ ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖