ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម២នាក់ក្នុងករណីឆ្លងដែននេសាទដោយខុសច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យជាជនជាតិវៀតណាម២នាក់ត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាបករណីឆ្លងដែននេសាទដោយខុសច្បាប់ និងបានដកហូតសម្ភារមួយចំនួនធំផងដែរ។

   ការចុះបង្ក្រាបបទល្មើសនេសាទឆ្លងដែននេះធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចខាងលិចស្ពានគយត្របែក ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

    បើតាមមន្ត្រីជលផលខេត្តស្វាយរៀងបានឱ្យដឹងថា ការចុះបង្ក្រាបនេះដឹកនាំដោយលោកស្រេង គ្រី នាយខណ្ឌជលផលខេត្ត សហការជាមួយកម្លាំង កងរាជអាវុធហត្ថក្រុងនិងកម្លាំងនគរបាលដោយឃាត់បានជនសង្ស័យជនជាតិវៀតណាមចំនួន២នាក់ មានឈ្មោះ វ៉ាន់ តាំង ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះ ឡេ វុំាងយឿង ភេទប្រុស អាយុ៣៣ឆ្នាំ  អ្នកទាំង២រស់នៅភូមិវៀងយឹងហឹង ឃុំសាតាង ស្រុកបេនកូវ ខេត្តឡុងអាង។

    ប្រភពបន្តថា ចំណែកសម្ភារវត្ថុតាងដែលដកហូតរួមមាន៖ ទូកជ័រស្មាច់ ចំនួន២គ្រឿងម៉ាស៊ីនសាំងចំនួន២គ្រឿងសន្ទូចរនងប្រវែង១២០០ម៉ែត្រ នុយអប់ត្រី ១គីឡូក្រាម ស្នចាក់ត្រី០១ និងអាគុយម៉ាកPinaco ៧០V ១គ្រឿង។

    បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ដែលជាជនជាតិវៀតណាមត្រូវបានឃាត់ខ្លួនមកសាកសួរនៅរដ្ឋបាលខណ្ឌជលផល ខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖