ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្តដឹកទំនិញជិត ២៥ពាន់នាក់ធ្វើកូដកម្មនៅទូទាំងប្រទេសកូរ៉េ

ចែករំលែក៖

អ្នកបើកបររថយន្តដឹកទំនិញកូរ៉េខាងត្បូងជិត២៥.០០០នាក់បានធ្វើកូដកម្មដោយបង្កើនហានិភ័យនៃការរំខានដល់ផលិតកម្មដែលជំរុញឱ្យរដ្ឋាភិបាលរៀបចំរថយន្តយោធាដើម្បីបញ្ចេញទំនិញ។
នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា អ្នកបើកបររថយន្តដឹកទំនិញដែលមកពីសមាគមសហជីពកម្មករដឹកទំនិញកូរ៉េ (CTSU) បានធ្វើកូដកម្មដើម្បីទាមទារប្រាក់ឈ្នួលគោលដែលមានការធានា និងលក្ខខណ្ឌការងារកាន់តែប្រសើរឡើង ។
នៅពេលនេះប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk yeol បានព្រមានថា រដ្ឋាភិបាលអាចនឹងប្រើជម្រើសបំបែកកូដកម្មទូទាំងប្រទេសដែលធ្វើឡើងដោយក្រុមរថយន្តដឹកទំនិញ ដោយចាត់ទុកជាទង្វើខុសច្បាប់និងមិនអាចទទួលយកបានក្នុងការយកខ្សែសង្វាក់ផ្គត់ផ្គង់ជាតិធ្វើជា «ចំណាប់ខ្មាំង» ចំពោះមុខវិបត្តិសេដ្ឋកិច្ច។
សមាជិកសហជីពកម្មករដឹកទំនិញរាប់ពាន់នាក់បានចាប់ផ្តើមធ្វើកូដកម្មធំលើកទី២របស់ពួកគេក្នុងរយៈពេលតិចជាង៦ខែកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបញ្ហានេះកំពុងបង្ហាញសញ្ញានៃការរំខានដល់ឧស្សាហកម្មជាច្រើនសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី១០ របស់ពិភពលោកមួយនេះ។
លោក យូន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «សាធារណជននឹងមិនអត់ឱនឱ្យចំពោះការយកប្រព័ន្ធដឹកជញ្ជូនធ្វើជាចំណាប់ខ្មាំង នៅពេលដែលប្រទេសជាតិកំពុងប្រឈមមុខនឹងវិបត្តិនោះឡើយ»។
លោក យូន បានបន្ថែមថា «ការនាំចេញ គឺជាគន្លឹះដែលអាចយកឈ្នះលើអស្ថិរភាពសេដ្ឋកិច្ច និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុ។ ប្រសិនបើភាពគ្មានទំនួលខុសត្រូវចំពោះវិស័យដឹកជញ្ជូននៅតែបន្ត រដ្ឋាភិបាលនឹងគ្មានជម្រើសអ្វីក្រៅពីការពិនិត្យឡើងវិញនូវវិធានការមួយចំនួន រួមទាំងការដាក់ចេញនូវបទបញ្ជាបង្រ្កាបជាធរមាន»នោះទេ។
តាមច្បាប់របស់កូរ៉េខាងត្បូង អំឡុងពេលមានការរំខានយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូន រដ្ឋាភិបាលអាចនឹងចេញបទបញ្ជាមួយដែលបង្ខំឱ្យមានដឹកជញ្ជូនកម្មករត្រឡប់ទៅធ្វើការវិញ ហើយអ្នកមិនអនុវត្តតាមនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់៣ឆ្នាំ ឬពិន័យជាប្រាក់ចំនួន៣០លានវ៉ុន ឬស្មើនឹង ២២,៥៥០ដុល្លារ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Yonhap News


ចែករំលែក៖