ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញខ្លួនស្ត្រីជនសង្ស័យ ២នាក់ និងគ្រឿងញៀនជាង ៥ គីឡូក្រាម មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើការបង្ហាញខ្លួនស្ត្រីជាជនសង្ស័យពីរនាក់ជាប់ពាក់ព័ន្ធទៅនិងករណីជួញដូរគ្រឿងញៀនជាង៥គីឡូក្រាមនៅរាជធានីភ្នំពេញ។  

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទី កម្លាំងជំនាញ(ក១១)នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ ,លោក ឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរ , លោកវរសេនីយ៍ទោ ផាង គឹមហួត នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ មានការចូលរួមពីកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជួល ផ្លូវលំ ស្ថិតក្នុងភូមិបឹងខ្ទុំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ២នាក់:

    ១-ឈ្មោះ ស៊ិន សារ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។ 

   ២-ឈ្មោះ នាក់ ស្រីអូន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ។

ព្រមទាំងចាប់យកវត្ថុតាងរួមមាន ៖

    – សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE)ចំនួន ៥ដុំធំ ស្មើទម្ងន់ ៥ គ.ក្រ ៥៨៦ ក្រាម

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើង បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖