ខេត្តកណ្ដាល ៖ មន្ត្រីយោធាម្នាក់ជិះម៉ូតូត្រឡប់មកពីផឹកស៊ីវិញឃើញយុវជនម្នាក់កំពុងជិះកង់កាន់ស្នក៏ស្រែកសួរដោយប្រើពាក្យគំរោះគំរើយធ្វើឱ្យទាក់ពាក្យសម្តីគ្នា នាំឱ្យមន្ត្រីយោធារូបនោះខឹងក៏ដកកាំភ្លើងខ្លីបាញ់មេឃ១គ្រាប់ដើម្បីគំរាមគូទំនាស់ តែគូទំនាស់មិនខ្លាចនៅតែដើរចូលក៏បាញ់ដី១គ្រាប់ទៀតបណ្តាលឱ្យផ្លាតមកត្រូវកំប៉េះគូទគូទំនាស់រងរបួសយ៉ាងដំណំ។ ករណីនេះបានកើតឡើងនៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី ក្នុងភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស្រី និច ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល (មានរបួសត្រង់កំប៉េះគូទខាងឆ្វេងចេញឈាម០១កន្លែង) ។ចំណែកជនសង្ស័យឈ្មោះ ហួ ចាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ វត្ថុតាងចាប់យកមាន៖ កាំភ្លើងខ្លីម៉ាក CF98-9 ចំនួន០១ដើម
, បង់កាំភ្លើងចំនួន០១ ,គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់ ,ប័ណ្ណសម្គាល់កាំភ្លើងខ្លី ០១សន្លឹកនិងលិខិតបញ្ជាបេសកកម្ម ០១សន្លឹក។
ប្រភពដដែលបន្តថា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី ជនសង្ស័យបានដាក់កាំភ្លើងខ្លីម៉ាកCF98-9នៅចង្កេះខោ រួចជិះម៉ូតូទៅផឹកស្រាបៀរនៅផ្ទះរបស់ឈ្មោះ បារាំង ភេទប្រុស នៅភូមិឃុំកើតហេតុ ជាមួយឈ្មោះ ចៀម ចលនា ភេទប្រុស ។លុះដល់ម៉ោង២៣:៣០នាទី ថ្ងៃដដែល ជនរងគ្រោះបានជិះកង់កាន់ស្នសំដៅមករកជនសង្ស័យ។ ឃើញដូច្នេះជនសង្ស័យបាននិយាយថា ម៉េចបានអ្ហែងជិះកង់កាតេកាតឺអ៊ីចឹង? ជនរងគ្រោះនិយាយថា អ្ហែងចង់យ៉ាងម៉េច? ហើយជនរងគ្រោះក៏ឈប់កង់រួចដើរចូលយកស្នប្រុងចាក់ជនសង្ស័យ ភ្លាមនោះជនសង្ស័យបានដកកាំភ្លើងពីចង្កេះខោបាញ់ទៅលើមេឃ តែជនរងគ្រោះនៅតែដើរចូល ទើបជនសង្ស័យបាញ់កាំភ្លើងចុះក្រោម០១គ្រាប់បណ្តាលឱ្យគ្រាប់កាំភ្លើងផ្លាតត្រូវកំប៉េះគូទជនងគ្រោះចំហៀងខាងឆ្វេងរបួសចេញឈាម ហើយក្បាលគ្រាប់បៀមជាប់ខាងក្នុងសាច់។ ភ្លាមនោះជនរងគ្រោះបានស្រែកថា អូយៗឈឺណាស់ៗ រួចជិះកងចេញទៅផ្ទះ ហើយក្រុមគ្រួសារយកជនរងគ្រោះទៅព្យាបាលរបួសនៅមុន្ទីរពេទ្យឯកជនយីហោ អេម៉ា ក្នុងភូមិព្រែកល្វា ឃុំព្រែកតាកូវ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ។ រហូតមកដល់ថ្ងៃទី០២.១២.២០២២ វេលាម៉ោង ៨:០០នាទី សមត្ថកិច្ចនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍ស្វាយជ្រំ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ព្រមទាំងដកហូតវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តនីតិវិធី៕
ដោយ៖ ស្អាងជ័យ