ខេត្តព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ អញ្ជើញពិនិត្យវត្ថុតាង និងនាំយកថវិកាដេីម្បីលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការបង្ក្រាបករណីគ្រឿងញៀន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។
លោក គួច ចំរើន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កងកម្លាំង និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខិតខំបំពេញការងារក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសក្នុងការបង្ការ បង្ក្រាបនូវរាល់បទល្មើសបានទាន់ពេលវេលា។
សូមបញ្ជាក់ថា, គ្រឿងញៀនបានបំផ្លាញ ដល់ធនធានមនុស្ស ប៉ះពាល់ដល់ស្ថេរភាពក្នុងសង្គម ដូច្នេះការបង្ក្រាបរបស់សមត្ថកិច្ច ពិតជាមានការទទួលគាំទ្រពីមជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ ៕
ដោយ : សហការី