ពលរដ្ឋរាប់ពាន់នាក់នៅក្នុងរដ្ឋធានីរ៉ូម (ប្រទេសអុីតាលី) បានតវ៉ាទាមទារដំឡើងប្រាក់ខែ និងតវ៉ាប្រឆាំងនឹងក្រឹត្យច្បាប់របស់រដ្ឋាភិបាលក្នុងការបន្តផ្តល់អាវុធដល់អ៊ុយក្រែន។
កាលពីចុងសប្តាហ៍ មនុស្សរាប់ពាន់នាក់នៅក្នុងរដ្ឋធានីរ៉ូម (ប្រទេសអុីតាលី) បានដើរតាមផ្លូវដើម្បីតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងតវ៉ាប្រឆាំងនឹងក្រឹត្យច្បាប់របស់រដ្ឋាភិបាលស្តីពីការបន្តផ្តល់ជំនួយអាវុធដល់អ៊ុយក្រែន ។ ព្រឹត្តិការណ៍ដែលរៀបចំដោយសហភាពប្រជាជនអុីតាលី (USB) បានប្រមូលផ្តុំមនុស្សរាប់ពាន់នាក់។ នៅថ្ងៃទី ៤ខែធ្នូ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីលាន Piazza della Repubblica ហើយបានលើកបដា “ទម្លាក់កាំភ្លើង ដំឡើងប្រាក់ឈ្នួល”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅមុនការតវ៉ា សហភាពប្រជាជនអុីតាលី USB បាននិយាយថា “រដ្ឋាភិបាលរបស់លោកស្រី Meloni កំពុងទាញពួកយើងចូលទៅក្នុងរង្វង់នៃសង្រ្គាម។ អុីតាលីច្បាស់ណាស់ជាប្រទេសដែលមានសង្គ្រាមនិងសកម្មក្នុងជម្លោះ ទោះបីជាប្រជាជនភាគច្រើនលើសលប់ប្រឆាំងនឹងសង្គ្រាមនិងការបង្កើនការចំណាយទៅលើយោធាក៏ដោយ។
មុននោះ នៅថ្ងៃទី១ ខែធ្នូ នាយករដ្ឋមន្ត្រីអុីតាលី Giorgia Meloni បានចេញក្រឹត្យច្បាប់មួយដែលអនុញ្ញាតឱ្យគណៈរដ្ឋមន្ត្រីរបស់លោកស្រី បន្តបញ្ជូនអាវុធទៅប្រទេសអ៊ុយក្រែនរហូតដល់ដំណាច់ឆ្នាំ២០២៣ ដោយមិនចាំបាច់ឆ្លងកាត់សភា។ ជនជាតិអុីតាលីជាច្រើនមិនយល់ស្របនឹងក្រឹត្យច្បាប់នេះទេ។
កាលពីខែមុន ការជួបជុំមួយទៀតក្នុងទីក្រុងរ៉ូមដែលអំពាវនាវឱ្យមានកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះរុស្ស៊ីនិងអ៊ុយក្រែនបានទាក់ទាញអ្នកចូលរួម១០ម៉ឺននាក់៕
ដោយ៖ ធីរីណា(រូបថត ៖ local team)