ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកាត់ទោសជនជាតិចិន និង ខ្មែរ៧នាក់រឿងផលិតគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ជនត្រូវចោទ ជនជាតិចិន និង ខ្មែរ ចំនួន៧នាក់ត្រូវបានក្រុមប្រឹក្សាសាលាដំបូងរាជធានីភ្នំពេញបើកសវនាការកាត់ទោសពាក់ព័ន្ធនិងសំណុំរឿង « រក្សាទុក ដឹកជញ្ជូន ផលិត និងជួញដូរគ្រឿងញៀន » បន្ទាប់សំណុំរឿងនេះត្រូវបានពន្យារពេលម្ដងហើយម្ដងទៀតអស់រយៈពេល២ឆ្នាំមកហើយ ។

 ជនត្រូវចោទទាំង៧នាក់ដែលតុលាការកាត់ទោសរួមមាន ៖ 

១/ ឈ្មោះ Qiang Liang ភេទប្រុសជនជាតិចិន អាយុ៥៦ឆ្នាំ ។

២/ ឈ្មោះ តែ ម៉េងហួត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែ មេការឃ្លាំងស្តុកម៉ាសុីនផលិតគ្រឿងញៀន ។

៣/ ឈ្មោះ ហ្វុង ហាឡុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកបើកបររថយន្តដឹកជញ្ជូន ។

៤/ ឈ្មោះ ជន ចិន្ដា ហៅម៉ាប់ ជនជាតិចិនតៃវ៉ាន់ ( រត់គេចខ្លួន) ។

៥/ ឈ្មោះ ហេង ម៉េងហូរ ជនជាតិចិន ( រត់គេចខ្លួន ) ។

៦/ ឈ្មោះ ហួរ ម៉េងកឺ ភេទប្រុស ជនជាតិចិន ( រត់គេចខ្លួន ) ។

៧/ ឈ្មោះ ឡៅ ប៉ាន់ ជនជាតិចិន ជាថៅកែ ( រត់គេចខ្លួួន) ។

   នៅក្នុងសវនាការដែលដឹកនាំដោយលោក ធាម ចាន់ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជំរះ និងលោក ហេង ផេង ជាតំណាងអយ្យការ ជនត្រូវចោទឈ្មោះ ហ្វុង ហាឡុង បានសារភាពថា តាមបញ្ជារបស់ថៅកែធំឈ្មោះ ឡៅ ប៉ាន់ នៅថ្ងៃទី ១៩ខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនបានបើករថយន្តមួយតោនកន្លះដឹកអីវ៉ាន់មួយចំនួនមកប្រគល់ឱ្យមេការឈ្មោះ Qiang Liang ភេទប្រុស លុះណាត់គ្នានៅមុខព្រលានយន្តហោះពោធ៍ចិនតុងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង ។

   ចំណែកជនត្រូវចោទឈ្មោះ តែ ម៉េងហួត បានសារភាពថា ខ្លួនជាមេការឃ្លាំងដាក់សម្ភារៈនៅក្នុងខណ្ឌកំបូល ត្រូវបានសមត្ថកិច្ចកោះហៅឱ្យចូលខ្លួនមកសាកសួរ ហើយក៏ត្រូវតុលាការឃុំខ្លួនតែម្ដង ។

 ដោយឡែកជនត្រូវចោទឈ្មោះ Qiang Liang បានសារភាពថា ខ្លួនត្រូវថៅកែប្រាប់ឱ្យមកចាំទទួលអីវ៉ាន់ដាក់ឃ្លាំងលុះពេលណាត់ជួបគ្នាក៏ត្រូវចាប់តែម្ដង ។

   តាមឯកសារដែលតុការបង្ហាញត្រួសៗ យ៉ាងហោចណាស់មានសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀនចំនួន១១មុខ មានទំងន់រាប់រយគីឡូ និងម៉ាសុីនផលិតថ្នាំចំនួន១៤គ្រឿងត្រូវបានសមត្ថកិច្ចសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃចាប់រឹបអូសនៅកន្លែងស្តុកទុកចំនួន៣កន្លែងផ្សេងគ្នាកាលពីដើមឆ្នាំ២០២០ ដូចជានៅឃ្លាំងស្តុកក្នុងខណ្ឌកំបូល , បាលីរីសតខណ្ឌជ្រោយចង្វានិងខុនដូក្នុងខណ្ឌបឹងកេងកង ជាដើម ។

   ក្នុងសំណុំរឿងគ្រឿងញៀន តំណាងអយ្យការបានស្នើឱ្យក្រុមប្រឹក្សាជំនុំជំរះផ្ដន្ទាទោសក្រុមជនជាប់ចោទឱ្យបានធ្ងន់ធ្ងរតាមច្បាប់កំណត់ ។

    ចុងក្រោយតុលាការបានប្រកាសពន្យារពេលប្រកាសសាលក្រមដោយមិនកំណត់ ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖