ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រមស៊ើបសួរ សម្រេច ឃុំខ្លួន ជនដែលវាយឆក់លើបុរសនារីជនជាតិវៀតណាមដូចគ្នា ជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ លោក យ៉ាន សុភាព ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនត្រូវចោទ ជាជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីធ្វើទារុណកម្មលើបុរសម្នាក់ និងស្ត្រីម្នាក់ជាជនជាតិវៀតណាមដូចគ្នា ជាបណ្តោះអាសន្នហើយ រង់ចាំថ្ងៃ បើកសវនាការជំនុំជម្រះក្តីបន្តទៀត។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី០៦ខែធ្នូឆ្នាំ២០២២ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នក នាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងជនត្រូវចោទ ជាជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីធ្វើទារុណកម្មលើបុរសម្នាក់ និងស្ត្រីម្នាក់ជាជនជាតិវៀតណាមដូចគ្នា ត្រូវបានលោក ចែ សុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងបើកការស៊ើបសួរ ពីបទ.ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។

ជនត្រូវចោទ ជាជនជាតិវៀតណាមឈ្មោះ ចាំង ង៉ុងវាំង ភេទប្រុស អាយុ២៥ឆ្នាំ  ត្រូវបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០២២ ដែលប្រព្រឹត្តហិង្សាវាយលើបុរសនារីជនជាតិវៀតណាមដូចគ្នា។

យោងតាមសារសំឡេងលោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឲ្យដឹងថាពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សានេះសមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានហើយ ដោយសារជនសង្ស័យបាននាំជនរងគ្រោះចំនួន២នាក់ពីខេត្តព្រះសីហនុមកធ្វើការភ្នំពេញវិញ តែនៅពេលមកដល់ម្តុំទំនប់កប់ស្រូវពេលនោះជនរងគ្រោះទាំង២នាក់បានរត់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសាកសួរជនរងគ្រោះទើបបែករឿង ហើយភ្លាមៗនោះសមត្ថកិច្ចក៏បានឃាត់ជនសង្ស័យ១នាក់នៅពេលនោះដែល បទ.ហិង្សាដោយចេតនានិងបទ.រក្សាទុកនិងប្រើប្រាស់សារធាតុញៀន។

តាមសារសម្លេងនេះដែរចំពោះជនរងគ្រោះ២នាក់សមត្ថកិច្ចខណ្ឌក៏បានប្រគល់ទៅសមត្ថកិច្ចការិយាល័យជំនាញខាងអន្តោប្រវេសន៍ដើម្បីធ្វើការសាកសួរ ហើយក្រោយពីការពិនិត្យឯកសារគ្មានឯកសារផ្លូវការអ្វីទាំងអស់ជនរងគ្រោះទាំង២នាក់នេះនឹងត្រូវបណ្តេញពីប្រទេសកម្ពុជារង់ចាំសុំគោលការណ៍ពីថ្នាក់ដឹកនាំសិន។

បច្ចុប្បន្នជនត្រូវចោទត្រូវបាន បញ្ជូន ទៅឃុំខ្លួននៅពន្ធនាគារព្រៃស (ម១)ជាបណ្ដោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖