ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តALPHARDបុករថយន្តកូរ៉េដឹកបង្អែមលក់ពីក្រោយក្រឡាប់ផ្ងារជើង​ និងធ្វើឱ្យសម្ភារលក់ដូរខ្ទាតរាយប៉ាយពេញផ្លូវ​ រួចសងថ្លៃខូចខាត៧០០$បញ្ចប់រឿង

ចែករំលែក៖

​     ភ្នំពេញ​ ៖​ បុរសជនជាតិចិនម្នាក់​រួមដំណើរដោយបុរសជនជាតិចិនពីរនាក់ទៀតក្នុងសភាពស្រវឹងស្រាបានបើករថយន្តម៉ាកALPHARDយ៉ាងលឿនជ្រុលចង្កូតទៅបុករថយន្តកូរ៉េដឹកបង្អែមលក់ពីក្រោយ​យ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តដឹកបង្អែមក្រឡាប់ផ្ងារជើងម្ខាង និងចាក់បង្អែម​ព្រមទាំងសម្ភារលក់ដូរខ្ទាតរាយប៉ាយពេញផ្លូវ​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូ​ ឆ្នាំ២០២២ នៅចំណុចមុខផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញស្ត្រីម្នាក់បើករថយន្តកូរ៉េ​ដឹកបង្អែម ពណ៌ស​ ពាក់ស្លាកលេខស៊េរីចាស់ ច-1968-ភព-២  ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ​ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏បានបត់ត្រឡប់ក្រោយឆ្ពោះទៅទិសខាងជើងវិញ​ តែពេលបត់បានបន្តិច ក៏មានរថយន្តម៉ាកALPHARD​ មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BH-0277បើកបរដោយបុរសជនជាតិចិនម្នាក់​ និងមានបុរសជនជាតិចិនពីរនាក់ទៀតរួមដំណេីរជាមួយតាមបណ្ដោយផ្លូវហាណូយ​ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ក៏ជ្រុលទៅបុករថយន្តដឹកបង្អែមពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្តដឹកបង្អែមក្រឡាប់ផ្ងារជើងម្ខាងខ្ទាតបង្អែមនិងសម្ភារលក់ដូររាយប៉ាយពេញផ្លូវ តែសំណាងល្អស្ត្រីអ្នកបើករថយន្តដឹកបង្អែមគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

​     ក្រោយកើតហេតុ​ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាអស់មួយសន្ទុះធំ​ បន្ទាប់មកភាគីបង្កព្រមចេញសំណង​នៃការខូចខាតចំនួន៧០០ដុល្លារទៅឱ្យភាគីរងគ្រោះ​ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុម្ដង៕

IMG_7599 IMG_7602 IMG_7600 IMG_7605 IMG_7603

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖