ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តម ឃួង ស្រេង ផ្ញើលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៨ឆ្នាំ ឈានចូល ៦៩ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូន នូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខូបចម្រើនជន្ទាយុគម្រប់ ៦៨ ឆ្នាំ ឈានចូល ៦៩ ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថៃ្ងព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

ស្ថិតក្នុងអភិមង្គលដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលជាមាតាមនុស្សធម៌កម្ពុជាដ៏ឧត្ដុង្គឧត្តម ប្រកបដោយព្រហ្មវីហារធម៌ ចរិយាធម៌ និងគុណធម៌ បានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន និង ទទួលបាននូវជំនឿទុកចិត្តយ៉ាងខ្លាំង ក្នុងការប្រមូលផ្តុំកម្លាំងមនុស្សធម៌ពីគ្រប់ទិសទី រួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ដូចជា ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ក្មេងកំព ជនអនាថា ជនមានពិការភាព និងអ្នកជំងឺអេដស៍ ក្នុងវិស័យមនុស្សធម៌ នៅគ្រប់ដំណាក់កាលទាំងអស់។

នាទិវាដ៏មហាមង្គលសួស្ដីប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុ ស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធាន ឧត្តមភរិយាដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកប នូវសុខភាពល្អបរិបូរណ៏ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្ម ដ៏ឧត្ដុង្គឧត្តមដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យកាន់តែមានវឌ្ឍនភាព និងវិបុលភាពជានិច្ចនិរន្តរ៍។

សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊្វុនសែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវភក្តីភាព ដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា៕

ដោយ ៖ សិលា


ចែករំលែក៖