ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខេត្តប៉ៃលិនមួយចំនួន ក្រោយពីទំនេរការងារធ្វើចម្ការបាននាំគ្នាចុះរែងរកកម្ទេចត្បូងក្នុងស្ទឹងតារៀបដើម្បីយកមកលក់ដោះស្រាយជីវភាពគ្រួសារ

ចែករំលែក៖

    ខេត្តប៉ៃលិន ៖ បើតាមប្រភពពីប្រជាពលរដ្ឋម្នាក់ឈ្មោះ បាវ ដែលរស់នៅក្នុងក្រុងប៉ៃលិនបានប្រាប់អ្នកសារព័ត៌មានយើងឱ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះថា ក្រោយពេលដែលទឹកជំនន់បានស្រកចុះទៅវិញស្របពេលរដូវរំហើយឈានចូលមកដល់ គេសង្កេតឃើញប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីជាច្រើនរស់នៅក្នុងខេត្តប៉ៃលិន បាននាំគ្នាចុះក្នុងស្ទឹងដើម្បីយកកញ្ច្រែងរែងរកកម្ទេចរ៉ែត្បូងដ៏មានតម្លៃ ទុកលក់ឱ្យកុងសែ(ឈ្មួញក្នុងខេត្ត)បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណ:ដែលកាលពីរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ បង្កជាជំនន់ទឹកភ្លៀងបានហូរនាំយកនូវកម្ទេចរ៉ែត្បូងពីផ្នែកខាងលើ ធ្លាក់ចុះទៅក្រោមចូលទៅក្នុងអូរ ស្ទឹង ហើយបានកប់នៅក្នុងភក់។ លុះពេលទឹកស្រកវិញ ប្រជាពលរដ្ឋបាននាំគ្នារែងរករ៉ែត្បូង ដោយអ្នកខ្លះបានកម្ទេចយកមកលក់បាន១០ម៉ឺន ខ្លះ៤៥ម៉ឺនរៀល និងខ្លះទៀតរែងពេញ១ថ្ងៃអត់ប៉ះ សោះក៏បន្តរែងទៅទៀត ដែលនេះជាការផ្សងសំណាងរកកម្ទេចត្បូងដ៏មានតម្លៃទុកលក់ឱ្យកងសែ អ្នកខ្លះក៏ទុកឱ្យជាងច្នៃធ្វើជាចិញ្ចៀន ខ្សែក ទុកពាក់លម្អខ្លួនប្រាណផងដែរ។ 

    បើតាមលោកដេត អាយុប្រហែល៥០ឆ្នាំជាង រស់នៅក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងថា ការរែងរ៉ែរកត្បូងនេះដោយសារទឹកស្ទឹងតារៀបបានស្រកក្នុងពេលរដូវរំហើយ តែមិនទៀងទេ ជួនកាលទឹកឡើងវិញដោយសារមានភ្លៀងធ្លាក់ពីលើភ្នំខៀវបងប្អូនយើងក៏ឈប់មួយរយ:។

    ប្រភពបានបន្តថា  ពេលចុះរែង ពួកគាត់ចាប់ផ្តើមនាំគ្នាយកដែកស្បែង កញ្ច្រែង និងវេចបាយកញ្ចប់មានម្ហូបសាច់ អាំង ប្រហុកកប់ ទុកជ្រលក់ជាមួយនឹងត្រួយស្លឹកឈើផ្សេងៗដែលពួកគេចូលចិត្ត ដែលបានបេះតាមដងស្ទឹងយកមកទទួលទានពេលឈប់សម្រាកនាថ្ងៃត្រង់ ដោយពួកគាត់ចុះទៅរែងរករ៉ែត្បូងនៅក្នុងស្ទឹងក្បែរស្ពានតារៀប ក្នុងភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីរែងរកកម្ទេចរ៉ែត្បូងដែលកប់នៅក្នុងស្ទឹង ខណ:ដែលភ្លៀងធ្លាក់ខ្លាំងនារដូវវស្សា បានហូរនាំកម្ទេចរ៉ែត្បូងចុះពីលើភ្នំ ឬដីខ្ពស់ធ្លាក់ចូលទៅក្នុងស្ទឹង។ 

    ប្រភពបន្តថា  ការរែងនេះម្នាក់ៗ មានការផ្សងព្រេងខ្លាំងណាស់ ដោយអ្នកខ្លះមុននឹងចេញទៅរែងត្បូងក៏បានសែនព្រេន បន់ស្រន់ដល់លោកម៉ែយ៉ាត សុំឱ្យរែងបានកម្ទេចត្បូងទទឹមពណ៌ក្រហម និងត្បូងកណ្តៀងពណ៌ខៀវ ដែលនៅសេសសល់តិចតួចក្នុងស្ទឹងយកមកលក់ឱ្យកុងសែបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ហើយពេលបានតិចតួចឬប៉ះធំក៏លក់បានយកថវិកាទិញមាន់ ក្បាលជ្រូកសែនជូនអារក្សអ្នកតាព្រៃភ្នំនិងលោកយាយយ៉ាតផងដែរ។ 

    ពួកគាត់បានបញ្ជាក់ថា ក្នុង១ថ្ងៃៗការរែងត្បូងផ្សងព្រេងក្នុងស្ទឹងមិនទៀងនោះទេ ជួនកាលបានតិចតួច ពេលខ្លះបានច្រើន ហើយពេលខ្លះទៀតក្នុង១ថ្ងៃក៏អត់បានរ៉ែត្បូងដែរ ព្រោះរ៉ែត្បូងកប់នៅក្នុងដីជ្រៅៗ ពីមុនមានរ៉ែច្រើនត្រូវបានជនជាតិថៃចូលមកជីកកកាយដឹកយកទៅស្រុកគេអស់កាលពីសម័យសង្គ្រាម។ 

    ទោះបីជាយ៉ាងណា ក្រោយពីនាំគ្នាធ្វើការរែងរករ៉ែត្បូងអស់រយ:ពេលជាច្រើនថ្ងៃមក អ្នកដែលរែងបានច្រើនក៏នាំគ្នាលក់កម្ទេចរ៉ែត្បូង ដោយអរសប្បាយព្រោះបានថវិកាពី១០ទៅ១៥ម៉ឺន ខ្លះទៀតបាន៦០ម៉ឺនរៀលតាមរ៉ែត្បូងល្អ ឬមិនសូវល្អដោយរែងបានមកប៉ះចំត្បូងខ្លះបែក៕

IMG_9340

ដោយ៖ ស សារ៉េត


ចែករំលែក៖