ព័ត៌មានទាន់ហេតុការណ៍៖

បុរសអ្នកលក់ផ្លែឈើម្នាក់ត្រូវបានរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសអ្នកលក់ផ្លែឈើម្នាក់ត្រូវបានរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

   សពមានឈ្មោះ ឃាន ឡាយ ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរលក់ផ្លែឈើ មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម។

   បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសម្នាក់បានបើករថយន្តម៉ាកស៊ីណា ពាក់ស្លាកលេខភ្នំពេញ2AT-8571ចេញពីចំណុចផ្សារថ្មីសំដៅទៅក្បាលថ្នល់ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានជ្រុលទៅបុកម៉ូតូដែលដឹកផ្លែឈើលក់បណ្ដាលឱ្យបុរសអ្នកលក់ផ្លែឈើនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

   ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់បុរសអ្នកបើករថយន្តបង្កខាងលើយកទៅប៉ុស្តិ៍នគរបាលបឹងត្របែកដើម្បីបញ្ជូនទៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តចាត់ការតាមច្បាប់។

   ចំណែកសពសមត្ថកិច្ចបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណី៕

ដោយ ៖ ជីណា


ចែករំលែក៖