ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានសមត្ថកិច្ចស្រុកពញាឮឃាត់ខ្លួនករណីលួច ក្រោយពីជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងបក្ខពួកកំពុងធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋនៅវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ នៅចំណុចភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លី ពៅ ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិអ៊ិស្លាម មុខរបរ លក់ដូរ មានទីលំនៅភូមិ ឃ្លាំងស្បែក ឃុំ កំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ចំណែកជនសង្ស័យសរុបមានគ្នា៤នាក់ ឃាត់ខ្លួនបាន២នាក់ ទី១-ឈ្មោះ ម៉ែន រ៉ាឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅម្តុំគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ង្វៀង តឹងមុី ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅរស់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ រីឯ២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ពលរដ្ឋរស់នៅភូមិកើតហេតុខាងលើ ដែលមានផ្ទះនៅទល់មុខគ្នាជាមួយជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ រូបខ្លួនបានចេញពីក្នុងផ្ទះមកនោមនៅក្បែរចិញ្ចើមផ្លូវជាតិលេខ៥ ហើយពេលកំពុងឈរនោមនោះ រូបខ្លួនបានមើលទៅផ្ទះ ជនរងគ្រោះឈ្មោះ លី ពៅ ដែលនៅទល់មុខគ្នា បានឃើញជនសង្ស័យ ចំនួន០២នាក់ មិនស្គាល់អត្តសញ្ញាណ កំពុងធ្វើសកម្មភាពចូលលួចម៉ូតូរបស់ជនរងគ្រោះ ដែលដាក់លើរថយន្តសាំយ៉ុង នៅមុខផ្ទះក្នុងរបង និងឃើញជនសង្ស័យចំនួន០២នាក់ទៀតមិនស្គាល់អត្តសញ្ញាណកំពុងអង្គុយចាំលើម៉ូតូចំនួន ០២គ្រឿងនៅលើចិញ្ចើមផ្លូវជាតិលេខ៥ ខាងត្បូងផ្ទះជនរងគ្រោះ ចម្ងាយប្រហែល១០ម៉ែត្រ ភ្លាមនោះរូបខ្លួនបានទូរស័ព្ទរាយការណ៍ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ហ្លួង។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ រួមនឹងកម្លាំងប្រជាការពារ ចុះទៅកន្លែងកើតហេតុបានឃើញជនសង្ស័យចំនួន ០២ នាក់កំពុងអង្គុយលើម៉ូតូ និង ជនសង្ស័យចំនួន០២នាក់ទៀតដែលចូលធ្វើសកម្មភាពលួចម៉ូតូបានរត់គេចខ្លួនបាត់ ។ បន្ទាប់មកកម្លាំងផ្នែកជំនាញបាននាំជនសង្ស័យទាំង០២នាក់ខាងលើទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ស្អាង ជ័យ