ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចម៉ូតូម៉ាកស៊ុយហ៊្សុយគីប៊ីតប៊យ

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូម៉ាកស៊ុយហ៊្សុយគីប៊ីតប៊យបានសម្រេចតែរត់មិនរួច នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២៖០៤នាទីទៀបភ្លឺ នៅត្រង់ចំណុចបុរីលឹមឈាងហាក់ ផ្លូវលេខ១០០៣ ក្រុមទី៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   ជនរងគ្រោះឈ្មោះ គឹម បញ្ញារ័តន៍ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុ មុខរបរអ្នកសារព័ត៌មាន។

    ជនសង្ស័យទី១-ឈ្មោះ សុខ ជា ហៅ ណាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅតាមដីឡូត៍ ក្នុងក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ឃាត់ខ្លួន។

២-ឈ្មោះ សាយ រតនា ហៅ លាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅតាមដីឡូត៍ក្នុងក្រុម៨  ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក(មានសារធាតុញៀន) ឃាត់ខ្លួន ។

៣-ឈ្មោះ ហាន ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ (គេចខ្លួន)។

   សម្ភារដកហូតមានម៉ូតូ០១គ្រឿងម៉ាកស៊ុយហ៊្សុយគីប៊ីតប៊យ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១i-៤១៦៨ ជារបស់ជនរងគ្រោះ( ប្រគល់ឱ្យជនរងគ្រោះវិញ)។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ ហើយត្រូវបានជនសង្ស័យចូលធ្វើសកម្មភាពលួចយកតែម្តង។ ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះនិងមានការសហការពីជនរងគ្រោះ រហូតដល់ម៉ោង១៥៖១២នាទី ថ្ងៃ ខែ ឆ្នាំដដែលកម្លាំងសមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យបាននៅចំណុចដីឡូត៍ ផ្លូវបេតុង ក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។

   នៅចំពោះមុខ កម្លាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជួនជនសង្ស័យខាងលើទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី ៕

ដោយ ៖ ជីណា


ចែករំលែក៖