ព័ត៌មានទាន់ហេតុការណ៍៖

ញោមបង្កើតរបស់សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១នៃកម្ពុជា ទទួលមរណភាព ក្នុងជន្មាយុ៨៩ឆ្នាំ វេលាម៉ោង ០៨ ៖ ៣៨ នាទីយប់ ថ្ងៃទី១៩

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ មានសេចក្តីទុក្ខជាទម្ងន់ ដោយ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ដែលត្រូវជាញោមបង្កើតបានទទួលមរណភាព នៅវេលាម៉ោង ០៨ : ៣៨ នាទីយប់ ថ្ងៃទី១៩។ នេះបើយោងតាម សេចក្តីថ្វាយ-ប្រគេន-ជូនដំណឹង របស់លេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ។

លេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមទូលថ្វាយ ប្រគេន និងជូនដំណឹង សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ ឧកញ៉ា លោក លោកស្រី ពុទ្ធបរិស័ទជិតឆ្ងាយ ព្រះមេត្តា និងមេត្តាជ្រាបថា សម្តេចព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ មានសេចក្តីទុក្ខជាទម្ងន់ ដោយ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ដែលត្រូវជាញោមបង្កើតបានទទួលមរណភាព នាថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៨ : ៣៨ នាទីយប់ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។

សពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា ក្នុងសាលាបុណ្យ ដែលស្ថិតនៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្តកណ្តាល រហូតដល់ថ្ងៃសុក ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នឹងរៀបចំពិធីបញ្ចុះសព តាមប្រពៃណីព្រះពុទ្ធសាសនា នៅទីបញ្ចុះសព ស្ថិតនៅភូមិរកាកោង ឃុំរកាកោង១ ស្រុកមុខកំពូល ខេត្ត កណ្តាល។

សេចក្ដីដូចបានទូលថ្វាយ ប្រគេន និងជូនដំណឹងខាងលើ សូមសម្តេចព្រះមហាសង្ឃរាជ សម្ដេច ព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះមេគណ ព្រះគ្រូអនុគណ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ព្រះមេត្តា និងមេត្តាជ្រាបជាព័ត៌មាន៕

ដោយ : សិលា


ចែករំលែក៖