ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាបានកើតឡើងក្នុងស្រុកស្វាយទាបនិងស្រុករមាសហែក

ចែករំលែក៖

    ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៤នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍៣កន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយក្នុងស្រុកស្វាយទាបនិងស្រុករមាសហែក។

   យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រវាងម៉ូតូនឹង រថយន្តធុនធំនិងរថយន្តតូចនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣៧និង១៣៨ ស្ថិតក្នុងភូមិបន្ទាយ ឃុំ កណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ បើកបរដោយឈ្មោះ សុខ លឹម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សនិងអ្នករួមដំណើរឈ្មោះ រឿន ស៊ីថា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប  ខេត្តស្វាយរៀង បានបើកទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង៣A-3040 អ្នកបើកមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយធ្វើដំណើរពីកើតទៅលិចយ៉ាងពេញទំហឹង។

   ប្រភពបន្តថា បន្ទាប់មកម៉ូតូបានខ្ទាតទៅប៉ះនឹងរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតងលាយទឹកមាស ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ សួន ស៊ីណយ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរលក់ធ្យូង រស់នៅភូមិតាណាក់ចា ឃុំចើប ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មិនមានរងរបួសនោះទេ ។

    សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើកបរម៉ូតូបើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

    ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២២លើផ្លូវជាតិលេខ១៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣១និង៣២ ស្ថិតនៅចំណុចភូមិអារក្សស្វាយ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង មានឈ្មោះ វ៉ាត វ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបើកបរ រស់នៅភូមិព្រៃកំពែង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ជាអ្នកបើករថយន្ត ម៉ាក ហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1763 ចំណុះ 5Tធ្វើ ដំណើរពីទិសខាងជើងទៅទិសខាងត្បូង និងអ្នករួមដំណើរត្រូវជាប្រពន្ធអ្នកបើកបរ ក៏បុកជាមួយម៉ូតូម៉ាក ហុងដា សេ 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2011 ពាក់ស្លាកលេខ ភ្នំពេញ 1AZ-4101បើកបដោយឈ្មោះ ភោគ ស៊ាត ភេទប្រុស អាយុ 24ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងបន្ទាយ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀងយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

   សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែរថយន្តបែកកង់ចតលើផ្លូវគ្មានប្រព័ន្ធភ្លើង និងគ្មានស្លាកសញ្ញាសម្គាល់ ។

   ករណីទី៣បានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នៅលើផ្លូវក្រាលកៅស៊ួ៣១៧B ស្ថិតក្នុងភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មានម៉ូតូម៉ាក សុីទី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខកណ្ដាល១S-០៦៤៨ បើកបរដោយឈ្មោះ ចាន់ រដ្ឋធានី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ធ្វើដំណើរក្នុងទិសដៅពីជេីងទៅត្បូងក៏បុកបញ្ច្រាសជាមួយត្រាក់ទ័រសណ្ដោងរុឺម៉ក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណពេញទំហឹងលាន់សូរដូចរន្ទះផ្អើលអ្នកភូមិនិងសមត្ថកិច្ចបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត។ មូលហេតុ ដោយសារតែអ្នកបេីកបរម៉ូតូមិនប្រកាន់ស្ដាំទើបជួបករណីខាងលើកើតឡើង៕

ដោយ៖ សុថាន


ចែករំលែក៖