ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ដបន្ទាយមានជ័យ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូ ឆ្នាំ២០២២នេះថា៖ ករណីគ្រោះអគ្គិភ័យមួយបានវាយប្រហារអគារកាស៉ីណូយីហោ”ហ្រ្គេនដាយមិន” បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១១នាក់បានស្លាប់ និងជាង៣០នាក់ទៀតបានរងរបួស នេះបេីគិតត្រឹមវេលាម៉ោងជាង១១ព្រឹកនេះ!
លោក អ៊ុំ រាត្រី បានថ្លែងបន្តថា គ្រាដែលអគ្គិភ័យអាចគ្រប់គ្រងបានទាំងស្រុងនេះ ប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ ពោលនៅពេលនេះកម្លាំងសមត្ថកិច្ចទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវរុករកជនរងគ្រោះដែលបានជាប់គាំង នៅក្នុងអគារនៅពេលដែលភ្លើងកំពុងឆេះ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា យោងតាមរបាយការណ៍បន្ថែមនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ករណីអគ្គិភ័យវាយប្រហារអគារកាស៉ីណូ”ហ្រ្គេនដាយមិន” ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ គឺមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។ ខណៈកម្លាំងសមត្ថកិច្ចអាចគ្រប់គ្រងបានទាំងស្រុងហើយ។
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ។
ដោយឡែកនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដឹកនាំកម្លាំងអន្ដរាគមន៍ចុះដោយផ្ទាល់ នៅទីតាំងកាស៊ីណូហ្រ្គេនដាយមិននេះផងដែរ៕
ដោយ៖ វណ្ណា