ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដីធុនធំបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តឡិចស៊ីសបុកពីចំហៀងពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបែនដឹកដីធុនធំមួយគ្រឿងបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្ត ឡិចសុីស RX- 400hបុកពីចំហៀងផ្នែកខាងស្តាំពេញទំហឹងបណ្តាលឱ្យរថយឡិចសុីសខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែសំណាងល្អអ្នកបើកបររបួសស្រាល។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវ៣០ ម៉ែត្រ ចំណុចមុខ បុរី បូរ៉ា ម៉េង ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តបែនដឹកដីធុនធំមួយគ្រឿងម៉ាកDAEWOOពណ៌ត្រេអុី ពាក់ស្លាកលេខភ្នំពេញ3D-2089 បើកចេញពីផ្លូវលំក្នុងទិសដៅពីត្បូងទៅជើង លុះបើកឆ្លងមកដល់ផ្លូវ៣០ម៉ែត្របានបន្តិចក៏មានរថយន្តឡិចស៊ីសRX-400 h មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AH-8857 បើកបរដោយបុរសជនជាតិបរទេសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣០ ម៉ែត្រក្នុងទិសដៅពីលិចទៅកើតជាន់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុករថយន្តបែនដឹកដីពីចំហៀងខាងមុខខាងស្ដាំពេញទំហឹងបណ្តាលឱ្យរថយន្តឡិចសុីសខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង តែសំណាងល្អអ្នកបើកបររបួសស្រាល។ ចំណែករថយន្តបែនរងការខូចខាតមធ្យម។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖