ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យភាគីម្ខាងខ្ទាត ប៉ះរថយន្តពីរគ្រឿងទៀតចតស្ងៀមរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ រថយន្តពូស បុកជាមួយរថយន្តឡិចស៊ីសត្រង់ចំណុចផ្លូវបែកជាបួនពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ និងបណ្ដាលឲ្យភាគីម្ខាងខ្ទាត ទៅប៉ះរថយន្តពីរគ្រឿងទៀត កំពុងចតស្ងៀមនៅចិញ្ចើមផ្លូវរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវ ៤៣០ កែងនឹងផ្លូវ ១៩៩ ជាប់នឹងរបងពេទ្យរុស្ស៊ី សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តព្រូស មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2AX-3873ធ្វើដំណើរតាមបណ្ដោយផ្លូវ ៤៣០ទិសដៅពីទៅជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើជ្រុលបុកជាមួយនឹងរថយន្តឡិចស៊ីស Rx-330ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AN-0989ធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៩ ទិសដៅពីកើតទៅលិច ចំពីចំហៀងកង់ខាងមុខខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងខ្លួនយ៉ាងដំណំ ស្របពេលនោះគេឃើញភាគីមួយខាងបានខ្ទាតទៅប៉ះនឹងរថយន្តពីរគ្រឿងកំពុងចតស្រៀមលើចិញ្ចើមផ្លូវមួយគ្រឿងម៉ាកកាមរី ស៊េរីចាស់ និងមួយគ្រឿងទៀតម៉ាកតូយ៉ូតាស៊េរីចាស់បណ្ដាលឲ្យរងការខូចខាត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាយករថយន្តទៅជួសជុលរៀងៗខ្លួន និងបានចេញសំណងពាក់កណ្ដាលម្នាក់ទៅឲ្យរថយន្តពីរគ្រឿងដែលរងការខូចខាតដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖