ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកសង្កែ​ ឃាត់ខ្លួ​នមុខសញ្ញាលួចទ្រព្យ​សម្បត្តិក្នុងលំនៅដ្ឋានម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖​ មុខសញ្ញាចោរលួចទ្រព្យ​សម្បត្តិប្រជាពលរដ្ឋក្នុងលំនៅដ្ឋានម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​ ចាប់ឃាត់ខ្លួន​រួមនិង​វត្ថុតាង​ជាក់ស្ដែង​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍ទី​១២​ ខែមករា​ ឆ្នាំ​២០២៣។ 

ប្រភព​ដដែល​បន្តថា​ លោកវរសេនីយ៍ទោ​ យុត​ តុងហូ​ អធិការនគរ​បាលស្រុកសង្កែ​ កាលពីថ្ងៃទី​១១​ ខែមករា​ម្សិលមិញនេះ​ បានដឹក​នាំកម្លាំងផ្នែកជំនាញ​បានចុះធ្វេីការ​ស្រាវជ្រាវស៊ើបអង្កេតរហូតឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ គង់ អួង ភេទប្រុស  អាយុ២៣ឆ្នាំ មានទីលំនៅភូមិ​បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងបានដកហូតសម្ភារៈរួមមាន៖

-ទូរស័ព្ទដៃម៉ាក iPhone XS Max ពណ៌ទឹកមាស ចំនួន០១គ្រឿង 

-ម៉ូទ័រកាត់កែង ម៉ាកម៉ាធិច ពណ៌ក្រហមចំនួន០១គ្រឿង 

-កំទិចម៉ូទ័រដុតរួច និងអេក្រង់ទូរស័ព្ទ​បែកខ្ទេច។

ដោយនាំខ្លួនមកកាន់អធិ​ការដ្ឋាននគរបាលស្រុកដេីម្បី​ ធ្វេីការសាកសួរ​ ស្រាវជ្រាវ។ 

សូមបញ្ជាក់ជូនថា​ កាលពីយប់ថ្ងៃទី ១០ ខែ មករា ឆ្នាំ២​០២៣ វេលាម៉ោងចន្លោះពី០២និង០០នាទី ដល់វេលា​ម៉ោង០៣និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃ​ទី​១១ខែ​ មករា​ឆ្នាំ២០២​៣​ នៅចំណុចក្រុមទី៣៩ ភូមិ​បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពើលួច មានស្ថានទម្ងន់ទោស (ហែករបងដែកចូលលួចយកសម្ភារៈ) មួយកើតឡើងដែលករណីនេះបង្កដោយជនសង្ស័​យ​មិនស្គាល់អត្តស​ញ្ញាណមិនដឹងចំនួន បានធ្វើសកម្មភាពហែករបងដែក​ចូលលួចយកទ្រព្យសម្ភារៈរប​ស់ជនរងគ្រោះឈ្មោះ​ បែង រត្តនា ភេ​ទប្រុស​ អាយុ៣៨ឆ្នាំ​មានទីលំនៅចំ​ណុ​ចកើតហេតុខាងលើ ដែលសម្ភារៈបាត់បង់រួមមាន៖

-ទូរស័ព្ទដៃម៉ាក iPhone XS Max ពណ៌ទឹកមាស ចំនួន០១គ្រឿង 

-ទូរស័ព្ទដៃម៉ាក SamSung  Note7ពណ៌ប្រផេះ ចំនួន០១គ្រឿង (ពុំមានស៊ីមកាត)

-ម៉ូទ័រកាត់កែងម៉ាកម៉ាធិច ពណ៌ក្រហមចំនួន០១គ្រឿង

-ម៉ូទ័រស្វាន(ប្រើថ្មសាក)ពណ៌ខ្មៅ  ចំនួន០១គ្រឿង

-ម៉ូទ័រស្វាន(ប្រើភ្លើងអគ្គីសនី)ពណ៌បៃតងចំនួន​០២​គ្រឿង

-ម៉ូទ័រឆាប ពណ៌បៃតង  ចំនួន០១គ្រឿង។

ក្រោយពេលកេីតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហេីយពេលទទួលបណ្តឹង​រួចសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតកំណត់​មុខ​សញ្ញានិងឈានទៅឃាត់ខ្លួនតែម្តង។ 

ករណីនេះ​ នគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដោយ៖ អរុណរះ


ចែករំលែក៖