ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះទី៨ វាយប្រហាររដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក ស្លាប់កើនឡើងដល់ ២០នាក់

ចែករំលែក៖

ព្យុះទី៨ហើយដដែលបានវាយប្រហាររដ្ឋកាលីហ្វ័រនីញ៉ាអាមេរិក បង្កឱ្យមានគ្រោះទឹកជំនន់ ដោយតំបន់ខ្លះមានទឹកជំនន់កើនឡើងដល់ទៅ២ម៉ែត្រ ។
សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា បរិយាកាសអួអាប់នៅតាមដងទន្លេដែលព្យុះបានវាយលុករដ្ឋកាលីហ្វ័រនីញ៉ាអស់រយៈពេល៣សប្តាហ៍ ទីបំផុតបានរសាត់បាត់កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលអនុញ្ញាតឲ្យអាជ្ញាធរចាប់ផ្តើមជួសជុលផ្លូវ និងទំបន់ជាច្រើនឡើងវិញ ខណៈដែលសេតវិមានបានប្រកាសថាប្រធានាធិបតី លោក ចូ បៃដិន គ្រោងចុះពិនិត្យដោយផ្ទាល់ដើម្បីស្ទង់មតិអំពីការខូចខាត។
ក្នុងបទបញ្ជាប្រតិបត្តិមួយដើម្បីពង្រឹងការឆ្លើយតបរបស់រដ្ឋចំពោះការខូចខាតដោយព្យុះ អភិបាលតំបន់ លោក Gavin Newsom បាននិយាយថា ព្យុះភ្លៀងចំនួន៩លើកជាប់ៗគ្នាដែលបានជន់លិចរដ្ឋកាលីហ្វ័រនីញ៉ា ចាប់តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២មក បានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ ខណៈរាប់ម៉ឺននាក់ផ្សេងទៀតនៅតែស្ថិតក្រោមការបញ្ជាឱ្យជម្លៀសគិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ។
អ្នកជំនាញឧតុនិយមនៃសេវាអាកាសធាតុជាតិ លោក David Roth បានគូសបញ្ជាក់ថា «ភ្លៀងធ្លាក់ខ្លាំងលើកចុងក្រោយនៅរដ្ឋកាលីហ្វ័រនីញ៉ា កំពុងថមថយឥទ្ធិពលបន្តិចម្តងៗ។ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រមិនមានភ្លៀងធ្លាក់ខ្លាំងទៀតទេ»។ សេតវិមានក៏បានឱ្យដឹងផងដែរថា លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់តំបន់ឆ្នេរសមុទ្រភាគកណ្តាល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដើម្បីជួបនឹងក្រុមសង្រ្គោះ ពិនិត្យទីតាំងដែលរងផលប៉ះពាល់ និងវាយតម្លៃអំពីតម្រូវការជំនួយរបស់សហព័ន្ធ។
បើតាមសេវាអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក ព្យុះមួយទៀតបាននិងកំពុងចូលមកដល់ដែលអាចនាំមកនូវភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម នៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ ហើយក្រោយមក រដ្ឋកាលីហ្វ័រនីញ៉ារំពឹងថានឹងជួបលក្ខខណ្ឌអាកាសធាតុក្តៅហើយស្ងួតសម្រាប់រយៈពេលដែលនៅសល់នៃខែមករា៕ ដោយ៖ ធីរីណារូបថត៖ AFP/TTXVN


ចែករំលែក៖