ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចិននិងខ្មែរកាត់ចិនជាច្រេីនកំពុងសម្រុកទិញគ្រឿងរណ្ដាប់សែន​នៅតាមផ្សារនានា​ ដេីម្បីត្រៀមលក្ខណៈប្រារព្ធពិធីបុណ្យចូលឆ្នាំចិន​និងវៀតណាម​ ថ្ងៃស្អែកនេះ

ចែករំលែក៖

ភ្នំពេញ ៖ ជាទំនៀមទម្លាប់ទៅហេីយសម្រាប់បងប្អូនប្រជាពលរដ្ឋចិននិងខ្មែរដែលមានសែស្រឡាយចិននិងវៀតណាម​ បាននាំគ្នាសម្រុកទៅផ្សារទិញគ្រឿងរណ្ដាប់សែន ម្ហូបអាហារ​ និងសម្ភារដេីម្បីទុកសម្រាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម​ នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៣​ ស្អែកនេះ ។ 

​    ជាក់ស្ដែងនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បងប្អូនប្រជាពលរដ្ឋដែលជាជនជាតិចិននិងជនជាតិខ្មែរដែលមានសែស្រឡាយចិនទាំងអ្នកលក់ និងអ្នកទិញ ដែលភាគច្រើនផ្ដោតលើការទិញគ្រឿងដង្វាយផ្សេងៗសម្រាប់ការសែនព្រេន ជាពិសេស ការតុបតែងផ្ទះសម្បែង នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិននិងវៀតណាម​ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២-២៣-២៤ ខែមករា ឆ្នាំ២០២៣ ខណៈដែលនៅថ្ងៃសៅរ៍ ទី២១ គឺជាថ្ងៃសែន​ធំតែម្ដង​ ។ 

​គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំចិននិងវៀតណាម​ គឺជាជំនឿរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាប់សែស្រឡាយ​ និងគោរពប្រតិបត្តិនូវជំនឿផ្សេងៗជាច្រើន ក្នុងនោះរួមមាន៖ បិទយ័ន្តមុខផ្ទះ លោតម៉ុងសាយ ការសែនព្រេនមានម្ហូបអាហារ នំចំណី ផ្លែឈើតាមចំណង់ចំណូលចិត្ត ដុតធូបទៀន ដុតក្រដាសសែន អុជធូបនៅព្រះវិហារ យកអំពៅខ្មៅមានស្លឹកមៀនមកចូលផ្ទះ និងដាក់តាំងដើមអង្គាសីលនៅក្នុងផ្ទះ ជាពិសេសនោះ គឺមានតំណមជាច្រើនក្នុងរយៈពេលបីថ្ងៃមិនត្រូវធ្វើឱ្យមានការល្អក់កករ នាំឱ្យប៉ះពាល់ដល់មង្គល​ និងសិរីសួស្តីឆ្នាំថ្មីនោះឡើយ៕

ដោយ​ ៖​​ ភារ៉ា​ ដង្កោ


ចែករំលែក៖