ភ្នំពេញ៖ សូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី២១ ខែមករាម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៣នាក់(ស្រី១នាក់) របួសធ្ងន់ចំនួន ១០នាក់(ស្រី២នាក់) របួសស្រាលចំនួន ៤នាក់(ស្រី១នាក់) ។ នេះបេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២២ ខែមករា ឆ្នាំ២០២៣។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែមករា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១៧នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៥លើក។
គួរជម្រាបដែរថា យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក៏បានបញ្ជាក់ថា ចំនួនគោលដៅសរុប ១០៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៤៦៤គ្រឿង ម៉ូតូចំនួន ៣៦១គ្រឿង កាលពីថ្ងៃទី២១ ខែមករាម្សិលមិញនេះ។ ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤០៦គ្រឿង មានម៉ូតូចំនួន ៣៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕ ដោយ៖សហការី
រូបភាព៖ ឯកសារ