ភ្នំពេញ៖ ការបង្ក្រាបជាក់ស្តែង ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាំបិតកែច្នៃដងដែកប្រវែង ១១៥ សង់ទីម៉ែត្រ) កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០២និង៣០នាទី ត្រង់ចំណុចផ្លូវកោង ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាក្រុមក្មេងទំនើង)។
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ រ៉ា ដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅ ផ្ទះ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និង២. ឈ្មោះ ឡូត ផាន់ណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ការឃាត់ខ្លួនជនសង្ស័យទាំងនាក់នេះនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ចំណុចឃាត់ខ្លួនផ្លូវកោង២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ ១/កាំបិតកែច្នៃ(តដងដែកជ្រុងប្រវែង១១៥សង់ទីម៉ែត្រ) ចំនួន០១, ២/ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៦ ពាក់ផ្លាកលេខកណ្តាល 1AW-8074 ចំនួន ០១គ្រឿង ៣/ទូរស័ព្ទដៃម៉ាកIphone 11 ចំនួន ០២ គ្រឿង (ពណ៌ស០១គ្រឿង,ពណ៌ខ្មៅ០១គ្រឿង)។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌ ដង្កោបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានថ្ម បានសហការជាមួយផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោល្បាតតាមបណ្តោយផ្លូវលេខ២១៧ ពីត្បូងទៅជើង ដល់ចំណុចរង្វង់មូលកួរស្រូវក៏បានឃើញជនសង្ស័យមួយក្រុមមានគ្នា១២នាក់ ជិះម៉ូតូចំនួន ០៦គ្រឿង ប្រដាប់ដោយកាំបិត ដាវកែច្នៃ និងដាវកែច្នៃ ដោយធ្វើសកម្មភាពជិះបណ្តើរអូសកាំបិត និងដាវលើផ្លូវបេតុង២១៧ បង្កើតបានជាផ្កាភ្លើង ។
ឃើញសភាពការណ៍បែបនេះ កម្លាំងសមត្ថកិច្ចក៏បានអន្តរាគមន៍ដេញតាមឃាត់ខ្លួនជនសង្ស័យ រហូតដល់ចំណុចផ្លូវកោង (២១៧) ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ១/ឈ្មោះ រ៉ា ដារ៉ូ ភេទ ប្រុស អាយុ១៨ឆ្នាំ ២/ឈ្មោះ ឡូត ផាន់ណា ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់។
ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកខ្លួន និងបក្ខពួកចំនួន១០នាក់ទៀត ១/ឈ្មោះ ហុប ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ២/ឈ្មោះ ភិន ភេទប្រុស អាយុ២០ឆ្នាំ និង៨នាក់ទៀត មិនស្គាល់ឈ្មោះ (គេចខ្លួន) ពិតជាបាន ជិះម៉ូតូចំនួន ០៦គ្រឿង គឺ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1AW-8074 (ពួកខ្លួនជិះឌុបគ្នា) និងម៉ូតូម៉ាកហុងដាសេ១២៥ ចំនួន០៤គ្រឿង (ពណ៌ខ្មៅ០៣គ្រឿង ពណ៌ស០១គ្រឿង) និងម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅ០១គ្រឿង (បក្ខពួកខ្លួនបើកឌុបគ្នា) ប្រដាប់ដោយកាំបិតកែច្នៃ ដងដែកចំនួន០២ និងដាវកែច្នៃចំនួន ០១ បានជិះម៉ូតូតាមដងផ្លូវដោយមានគោលបំណងដើរកាប់អ្នកធ្វើដំណើរតាមផ្លូវ កាត់សាញ និងអូសកាំបិតលើផ្លូវបេតុង។
លុះជិះមកដល់ចំណុច ផ្លូវកោង(២១៧) ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ត្រូវសមត្ថកិច្ចអន្តរាគមន៍ឃាត់ខ្លួនបានតែម្តង ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក យាង ច័ន្ទក្រុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច